(ណៃពិដោ)៖ រដ្ឋាភិបាលស្រមោលនៅមីយ៉ាន់ម៉ាបានឲ្យដឹងថា ខ្លួនទើបរៃអង្គាសថវិកាបានជាង ៦លានដុល្លារអាមេរិក នៅក្នុងថ្ងៃដំបូងនៃការលក់មូលបត្របំណុល ខណៈនេះគឺជាចំណាត់ការដ៏ធំមួយទៀតរបស់ពួកគេ ដើម្បីស្វែងរកមូលនិធិ សម្រាប់ចលនាបដិវត្តរបស់ខ្លួន ប្រឆាំងនឹងរបបដឹកនាំយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋាភិបាលរួបរួមជាតិ ហៅកាត់ NUG ដែលជាសម្ពន្ធភាពរវាងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ, ក្រុមប្រដាប់អាវុធជនជាតិភាគតិច, និងអតីតសមាជិករដ្ឋាភិបាលរបស់លោកស្រី អោង សាន ស៊ូ ជី បានឲ្យដឹងថា មូលបត្របំណុលទាំងនោះ ត្រូវបានចាប់ផ្តើមលក់ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដែលភាគច្រើនគឺទៅកាន់ ពលរដ្ឋមីយ៉ាន់ម៉ារស់នៅឯក្រៅប្រទេសក្នុងតម្លៃ ១០០ដុល្លារ, ៥០០ដុល្លារ, ១,០០០ដុល្លារ, និង ៥,០០០ដុល្លារ ជាមួយរយៈពេលកាន់កាប់ ២ឆ្នាំ។

គួរបញ្ជាក់ថា រយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ រដ្ឋាភិបាលស្រមោល (NUG) បានលក់មូលបត្របំណុលសរុប ៦.៣លានដុល្លារ ខណៈគោលដៅធំចុងក្រោយរបស់ពួកគេ គឺលក់ឲ្យបាន ១ពាន់លានដុល្លារ។ រដ្ឋាភិបាលស្រមោលនេះ ត្រូវបានរបបយោធាមីយ៉ាន់ម៉ា បានចាត់ទុកជាចលនាភេរវកម្ម។

ពលរដ្ឋមីយ៉ាន់ម៉ា ភាគច្រើន ដែលបានទិញមូលបត្របំណុលបានអះអាងថា ពួកគេមិនរំពឹងបានប្រាក់មកវិញ ក្រោយរយៈពេល ២ឆ្នាំឡើយ ប៉ុន្តែពួកគេគ្រាន់តែចង់ចូលរួមចំណែក ក្នុងបុព្វហេតុរបស់ NUG ប៉ុណ្ណោះ។ គេនៅមិនទាន់ដឹងថា តើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងមានចំណាត់ការបែបណានោះឡើយ ឆ្លើយតបនឹងសកម្មភាពខាងលើនេះ៕