(វ៉ាស៊ីនតោន)៖ សេតវិមាន នឹងនៅតែបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាសដដែល នៅក្នុងបរិវេណរបស់ខ្លួន បើទោះជាការតម្រូវឱ្យពាក់ម៉ាសនៅក្នុងអគារ និងតាមទីសាធារណៈ មួយចំនួនធំ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ត្រូវបានដកចេញចាប់ពីថ្ងៃចន្ទសប្ដាហ៍នេះតទៅក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ថ្លែងប្រាប់ទូរទស្សន៍ CNN នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ជំនួយការអ្នកនាំពាក្យសេតវិមាន គឺលោក Kevin Munoz បានបញ្ជាក់ដូច្នេះថា «សេតវិមាន នៅតែអនុវត្តតាមសេចក្ដីណែនាំរបស់ CDC ដែលបានផ្ដល់អនុសាសន៍ឱ្យពាក់ម៉ាសនៅតាមទីសាធារណៈ ជាពិសេសនៅតំបន់ដែលមានអត្រាឆ្លង COVID-19 ក្នុងកម្រិតខ្ពស់»

លោកបន្ថែមទៀតថារដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី នៅតែស្ថិតនៅក្នុងចំណោមតំបន់មានអត្រាឆ្លងសហគមន័ខ្ពស់នៅឡើយ ដោយបច្ចុប្បន្នមានអត្រាឆ្លងថ្មីប្រចាំសប្ដាហ៍ ៩០ករណី ក្នុងមនុស្ស ១០០,០០០នាក់។

គួរបញ្ជាក់ថា អភិបាលរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី លោកស្រី មូរីយែល បូវស័រ (Muriel Bowser) បានប្រកាសពីការសម្រេចចិត្តដកចេញកាតព្វកិច្ចពាក់ម៉ាស កាលពីសប្ដាហ៍មុន តែលោកស្រីនៅតែអះអាងថាការពាក់ម៉ាសពិតជាមានសារៈសំខាន់ ក្នុងការបង្ការការឆ្លង COVID-19៕