(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មឺគើល (Angela Merkel) បានលើកឡើងពីភាពចាំបាច់ក្នុងការវិធានការថ្មីៗ បន្ទាប់ពីប្រទេសអូទ្រីស នៅថ្ងៃចន្ទសប្ដាហ៍នេះ បានក្លាយជាប្រទេសដំបូងគេនៅតំបន់អឺរ៉ុបខាងលិច ដែលបានដាក់ចេញនូវវិធានការបិទខ្ទប់ទូទាំងប្រទេសឡើងវិញ ដោយតម្រូវឱ្យបិទហាងកាហ្វេ ភោជនីយដ្ឋាន បារនីយដ្ឋាន រោងកុន និងហាងទំនិញដែលចាំបាច់នានារយៈពេល ១០ថ្ងៃ ដើម្បីទប់ស្កាត់ករណីឆ្លងជំងឺ COVID-19 ដែលកំពុងកើនឡើងជាថ្មី នៅរដូវរងារនៃតំបន់នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមលោកស្រី Merkel អាល្លឺម៉ង់ ក៏នឹងត្រូវការដាក់ចេញនូវវិធានការរឹតត្បឹតបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃការឆ្លងរីករាលដាលជំងឺ COVID-19 ផងដែរ។ លោកស្រីបានគូសបញ្ជាក់ប្រាប់មេដឹកនាំគណបក្សសហភាពប្រជាធិបតេយ្យគ្រីស្ទាន (CDU) របស់លោកស្រីនៅក្នុងកិច្ចប្រជុំមួយថា «យើងកំពុងស្ថិតក្នុង ស្ថានភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ អ្វីដែលយើងមាននៅពេលនេះ គឺមិនគ្រប់គ្រាន់នោះទេ»

រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ លោក យែនស៍ ស្ពាន (Jens Spahn) ដែលបានអំពាវនាវជាបន្ទាន់ដល់ប្រជាជនឱ្យទទួលការចាក់វ៉ាក់សាំង បាននិយាយថា លោកប្រាកដណាស់ថា នៅចុងបញ្ចប់នៃរដូវរងានេះ មនុស្សគ្រប់រូបនៅក្នុងប្រទេសអាល្លឺម៉ង់ នឹងអាចត្រូវបានទទួលការចាក់វ៉ាក់សាំង បានជាសះស្បើយ ឬបានស្លាប់ជាដើម»។

គួរបញ្ជាក់ថា ក្រៅពីអូទ្រីស, ប្រទេសអឺរ៉ុបមួយចំនួនទៀតដូចជា ហូឡង់ ប៊ែលហ្សិក និងដាណឺម៉ាជាដើម ក៏បានដាក់ចេញជាថ្មីនូវវិធានការរឹតត្បិតប្រឆាំងជំងឺ COVID-19 ជាថ្មីផងដែរ។ ប៉ុន្តែ បាតុកម្មតវ៉ាក៏បានផ្ទុះឡើងផងដែរដើម្បីប្រឆាំងនឹងវិធានការរឹតត្បិត៕