(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក ជុន ឌូវ៉ាង (Chun Doo-hwan) ដែលធ្លាប់បានដឹកនាំប្រទេសក្រោមកណ្ដាប់ដៃដែក ក្រោយរដ្ឋប្រហារឆ្នាំ១៩៧៩ បានទទួលមរណភាពហើយ ក្នុងវ័យ៩០ឆ្នាំ នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។

បើតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ លោក Chun Doo-hwan មានជំងឺមហារីកឈាមម្យ៉ាងឈ្មោះថា មីយេឡូម៉ា (myeloma) ហើយលោកបានស្លាប់នៅឯផ្ទះរបស់ លោកក្នុងទីក្រុងសេអ៊ូល។ លោក Chun ដែលធ្លាប់ជាមេបញ្ជាការយោធាកូរ៉េខាងត្បូងម្នាក់ផងនោះ ត្រូវបានគេចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការសម្លាប់រង្គាល ក្រុមបាតុករប្រឆាំងនឹងការធ្វើរដ្ឋប្រហារនៅក្នុងទីក្រុង Gwangju និងត្រូវបានកាត់ទោសប្រហារជីវិត។

ប៉ុន្តែ ក្រោយមក ទោសរបស់លោកត្រូវបានគេបន្ធូរបន្ថយ ដោយសារតែតុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល ទទួលស្គាល់ថាលោក Chun បានចូលរួមចំណែកធ្វើឱ្យ សេដ្ឋកិច្ចកូរ៉េខាងត្បូងមានភាពរីកចម្រើន និងផ្ទេរអំណាចដោយសន្តិវិធីកាលពីឆ្នាំ១៩៨៨។ រហូតដល់ឆ្នាំ១៩៩៧ ទើបលោកទទួលបានការលើកលែងទោស និងដោះលែងចេញពីពន្ធនាគារ ដោយអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម យ៉ុង សាម (Kim Young-sam) ដែលបានហៅការដោះលែងនេះថា ជាកិច្ចខិតខំប្រឹងប្រែងលើកម្ពស់ឯកភាពជាតិ។

គួរបញ្ជាក់ថា លោក Chun Doo-hwan កើតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៣១ នៅក្នុងទីក្រុង យ៉ុលហ្គុក មីយ៉ន (Yulgok-myeon) ស្ថិតនៅភាគខាងត្បូងទីក្រុង ហាប់ឈុន(Hapcheon) ពោលគឺអំឡុងពេល ដែលកូរ៉េស្ថិតនៅក្រោមការត្រួតត្រារបស់ជប៉ុន៕