(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបានដាក់បម្រាមលើក្រុមមន្ត្រីរដ្ឋាភិបាលនៃប្រទេសនីហ្ការ៉ាហ្គ័រ (Nicaragua) មិនឱ្យចូលសហរដ្ឋអាមេរិក ជាការឆ្លើយតបទៅនឹងការបោះឆ្នោតមួយដែលទីក្រុងវ៉ាស៊ីនតោនថ្កាលទោសថាមានការលួចបន្លំដើម្បរក្សាអំណាចរបស់ ប្រធានាធិបតីនីហ្ការ៉ាហ្គ័របច្ចុប្បន្ន លោក ដានីញែល អ័រតេហ្កា (Daniel Ortega)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

បម្រាមធ្វើដំណើរចូលសហរដ្ឋអាមេរិករបស់លោក បៃដិន នឹងត្រូវអនុវត្តលើក្រុមមន្ត្រីនីហ្ការ៉ាហ្គ័រទាំងអស់ដែលទើបតែជាប់ឆ្នោតកាលពីពេលថ្មីៗនេះ ក្នុងនោះ រួមមានលោក Ortega និងភរិយារបស់លោក, អនុប្រធានាធិបតី លោកស្រី រ៉ូសារីយ៉ូ មូរីយ៉ូ (Rosario Murillo), ក្រុមមន្ត្រីសន្តិសុខ, ចៅក្រម, ចៅហ្វាយក្រុង និងមន្ត្រីជាច្រើននាក់ទៀត ដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពបំផ្លាញប្រជាធិបតេយ្យ នៅក្នុងប្រទេសនីហ្ការ៉ាហ្គ័រ។

គួរបញ្ជាក់ថា បទបញ្ជាដាក់ទណ្ឌកម្មរបស់លោក ចូ បៃដិន កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស និងកាណាដា បានប្រកាសពីការដាក់ទណ្ឌកម្មលើក្រុមមន្ត្រីរដ្ឋាភិបាលនីហ្ការ៉ាហ្គ័រ ដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការ បោះឆ្នោតសកលកាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅនេះ ៕