(ញូដេលី)៖ យន្ដហោះយោធាដឹកជញ្ជូន ហឺខ្យូលីស (Hercules) របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានធ្វើការចុះចតនៅលើផ្លូវហាយវេថ្មីមួយនៅថ្ងៃអង្គារនេះ ជាកិច្ចបង្ហាញថាផ្លូវហាយវ៉េនេះអាចប្រើប្រាស់បាន២មុខងារ គឺសម្រាប់ការធ្វើដំណើរធម្មតា និង អាចឱ្យយន្ដហោះយោធាចុះចតជាបន្ទាន់បាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

យន្ដហោះយោធាដឹក លោក ណារិនដ្រា ម៉ូឌី បានចុះចតនៅលើផ្លូវហាយវេល្បឿនលឿនថ្មីមួយនៅឯរដ្ឋ Uttar Pradesh មុននឹងយន្ដហោះចម្បាំង Mirage និងយន្ដហោះ Su-30 របស់កងទ័ពអាកាសឥណ្ឌា បង្ហាញសមត្ថភាពហោះហើរលើអាកាស ហើយចុះចតនៅលើផ្លូវហាយវេនេះ។ ថ្លែងនៅចំពោះមុខអ្នក ចូលរួមជាច្រើននាក់ លោក ម៉ូឌី បានបញ្ជាក់ដូច្នេះថា «ការរីកចម្រើនរបស់ឥណ្ឌា ពិតជាមានសារៈសំខាន់ណាស់សម្រាប់សន្តិសុខជាតិរបស់យើង... ហើយ ផ្លូវហាយវេល្បឿនលឿននេះ នឹងក្លាយជាអនុភាពថ្មីមួយនៃកងទ័ពអាកាសរបស់យើង»

គួរបញ្ជាក់ថា ផ្លូវហាយវេខាងលើមានឈ្មោះថា Purvanchal Expressway ដែលមានប្រវែងជិត ៣៥០គីឡូម៉ែត្រ ត្រូវបានស្ថាបនាឡើងក្រោមគម្រោង អភិវឌ្ឍបណ្ដាញផ្លូវថ្នល់ និងផ្លូវហាយវេល្បឿនលឿនរបស់រដ្ឋាភិបាលរបស់លោក ម៉ូឌី។ រដ្ឋាភិបាលលោក ម៉ូឌី ធ្លាប់បាននិយាយថាបានកែលម្អ និងស្ថាបនា ផ្លូវហាយវេបានប្រវែង ៥០,០០០គីឡូម៉ែត្រ នៅទូទាំងប្រទេសចាប់តាំងលោកឡើងកាន់អំណាចចាប់តាំងពីឆ្នាំ២០១៤មក ហើយលោកមានផែនការ សាងសង់បណ្ដាញផ្លូវមានប្រវែង ១១,០០០គីឡូម៉ែត្របន្ថែមទៀតក្នុងឆ្នាំ២០២១នេះ៕