(ញូយ៉ក)៖ សារព័ត៌មាន Business Insider កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានរាយការណ៍ ដោយដកស្រង់ទិន្នន័យពីការសិក្សាថ្មីមួយថា កុមារអាមេរិកជាង ១៤០,០០០នាក់ បានបាត់បង់ឪពុកម្តាយរបស់ពួកគេ ដោយសារជំងឺឆ្លងរាតត្បាត COVID-19 ដ៏កាចសាហាវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

នេះមានន័យថា កុមារម្នាក់ក្នុងចំណោមកុមារអាមេរិកចំនួន៥០០នាក់ បានជួបប្រទះរឿងដ៏អភ័ព្វខាងលើ ហើយស្ថានភាពនេះ នឹងដាក់សម្ពាធផ្លូវចិត្ត ក៏ដូចជាសម្ពាធហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ លើកុមារទាំងនោះ។ សារព័ត៌មាន Business Insider ក៏បាននិយាយបន្ថែមថា ទិន្នន័យនេះ ក៏បង្ហាញផងដែរពីភាពខុសគ្នាធំធេងផងដែរ រវាងជាតិសាសន៍ ដោយភាគច្រើននៃកុមារទាំងនោះ គឺប្រហែល៦៥ភាគរយ គឺស្ថិតក្នុងក្រុមជាតិសាសន៍ភាគតិច។

បើតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក គឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតនៅលើពិភពលោក ដោយសារជំងឺ COVID-19 ដែលរហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេសជាង ៤៧លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៧៦៤,០០០នាក់៕