(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ត្រូវបានគេរំពឹងថា នឹងលើកយកបញ្ហាកោះតៃវ៉ាន់ធ្វើជាអាទិភាព នៅក្នុងជំនួបលើកដំបូង តាមរយៈប្រព័ន្ធវីដេអូ ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីព្រមានទីក្រុងវ៉ាស៊ីនតោន ឲ្យដកខ្លួនចេញពីបញ្ហានេះវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ស៊ី ជិនពីង និងលោក ចូ បៃដិន នឹងជួបមុខគ្នាតាមប្រព័ន្ធវីដេអូជាលើកដំបូង នៅព្រឹកថ្ងៃអង្គារស្អែកនេះហើយ (ពេលវេលានៅប៉េកាំង, ត្រូវនឹងល្ងាចថ្ងៃចន្ទ ពេលវេលានៅវ៉ាស៊ីនតោន) ខណៈសារព័ត៌មាននានានៅអាមេរិកបានចេញផ្សាយថា បញ្ហាវិវាទពាណិជ្ជកម្ម, បច្ចេកវិទ្យា, តំបន់ស៊ីនជាំង និងជាពិសេសគឺកោះតៃវ៉ាន់ នឹងក្លាយជាប្រធានបទក្តៅគគុក ដែលភាគីទាំងពីរនឹងត្រូវលើកទៅជជែកដេញដោលគ្នា។

ដោយឡែក, យោងតាមការចុះផ្សាយរបស់កាសែតចិន China Daily ជាភាសាអង់គ្លេស បានបញ្ចេញការសន្និដ្ឋានមួយនៅថ្ងៃចន្ទនេះថា លោក ស៊ី ជិនពីង ទំនងជានឹងបញ្ជាក់គោលជំហរដ៏ច្បាស់លាស់របស់ទីក្រុងប៉េកាំង នៅក្នុងការធ្វើឲ្យចេតនាបង្រួបបង្រួមជាតិ (ជាមួយកោះតៃវ៉ាន់) សម្រេចបានជោគជ័យ នៅអនាគតដ៏ខ្លីខាងមុខនេះ ទោះបីស្ថិតនៅក្នុងតម្លៃណាក៏ដោយ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ក៏បានជួបសន្ទនាគ្នាតាមទូរស័ព្ទផងដែរ ដើម្បីត្រៀមរៀបចំសម្រាប់ជំនួបតាមប្រព័ន្ធវីដេអូ រវាងលោក ស៊ី ជិនពីង និងលោក ចូ បៃដិន ផងដែរ។ ក្នុងឱកាសនោះ លោក វ៉ាង យី បានព្រមានទីក្រុងវ៉ាស៊ីនតោន ឲ្យបញ្ឈប់ការបញ្ជូនសញ្ញាខុសតទៅទៀត ទៅកាន់ក្រុមចលនាគាំទ្រឯករាជ្យនៅតៃវ៉ាន់៕