(ទ្រីប៉ូលី)៖ មន្ត្រីម្នាក់មកពីគណៈកម្មការជាតិរៀបចំការបោះឆ្នោតនៃប្រទេសលីប៊ី បានឱ្យដឹងថា លោក សាអ៉ីហ្វ អាល់-អ៉ីស្លាម (Saif al-Islam Gaddafi) ដែលជាកូនប្រុសរបស់អតីតមេដឹកនាំលីប៊ី លោក Muammar Gaddafi បានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីលីប៊ី សម្រាប់ការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោតលីប៊ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក Saif al-Islam al-Gaddafi បានដាក់ពាក្យចុះឈ្មោះជាបេក្ខជនប្រធានាធិបតីលីប៊ីរបស់លោក ទៅកាន់ការិយាល័យគណៈកម្មការជាតិរៀបចំការបោះឆ្នោតជាតិ ជាន់ខ្ពស់ដែលស្ថិតក្នុងទីក្រុង Sebha ស្ថិតនៅភាគខាងត្បូងនៃប្រទេស។

ការបោះឆ្នោតប្រធានាធិបតីលីប៊ី ត្រូវបានគេរំពឹងទុកថា ជាពេលវេលាដ៏សំខាន់មួយនៅក្នុងដំណើរការសន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) ដើម្បីបញ្ចប់ភាពចលាចលដ៏ហិង្សារយៈពេល ១ទសវត្សរមកនេះ ចាប់តាំងពីការបះបោរដែលគាំទ្រដោយអង្គការ NATO ឆ្នាំ២០១១ ប្រឆាំងនឹងលោក Muammar Gaddafi៕