(កង់បេរ៉ា)៖ ការស្ទង់មតិមួយ បានរកឃើញថានាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) កំពុងបាត់បង់ការគាំទ្រក្នុងនាមជាមេដឹកនាំជាទីពេញចិត្តរបស់ប្រទេសអូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លទ្ធផលការស្ទង់មតិចុងក្រោយបំផុតរបស់ Newspoll ដែលធ្វើឡើងក្នុងចំណោមអ្នកចូលរួមចំនួន ១,៥២៤នាក់ និងត្រូវបានចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យ បានរកឃើញថា ៤៦ភាគរយនៃអ្នកចូលរួមបានកំណត់យកលោក Scott Morrison ជានាយករដ្ឋមន្ត្រីដែលពួកគេពេញចិត្ត ខណៈ៣៨ភាគរយទៀត បានកំណត់យកលោក Anthony Albanese ដែលជាមេដឹកនាំគណបក្សប្រឆាំង គឺគណបក្សពលករអូស្រ្តាលី (Labor Party)។

វាគឺជាការធ្លាក់ប្រជាប្រិយភាពដ៏ធំបំផុតមួយ បើប្រៀបធៀបទៅកាលពីខែកុម្ភៈកន្លងទៅនេះ នៅពេលដែលលោក Scott Morrison ទទួលបានការគាំទ្រ ៦១ភាគរយ ហើយលោក Anthony Albanese ទទួលបានការគាំទ្រត្រឹមតែ ២៦ភាគរយប៉ុណ្ណោះ។

ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការបង្ហាញខ្លួនរបស់លោក Scott Morrison នៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP26 របស់អង្គការសហប្រជាជាតិ (UN) ដែលបានប្រព្រឹត្តទៅនៅទីក្រុង ក្លាសកូវ (Glasgow) ប្រទេសស្កុតលែន ជាកន្លែងដែលគាត់បានប្តេជ្ញាចិត្តចំពោះគោលដៅ «អព្យាក្រឹត្យកាបូន» នៅត្រឹមឆ្នាំ២០៥០។

លោក Anthony Albanese ជាអ្នករិះគន់យ៉ាងខ្លាំងក្លាចំពោះគោលនយោបាយអាកាសធាតុរបស់ Scott Morrison ដោយពណ៌នាថាវាជា «ការបោកប្រាស់» ដែលខ្វះព័ត៌មានលម្អិត។ មេដឹកនាំ គណបក្សពលករអូស្រ្តាលីរូបនេះ ក៏បានសន្យាថាគាត់នឹងបញ្ចេញគោលនយោបាយ អាកាសធាតុផ្ទាល់ខ្លួននៅមុនដំណាច់ឆ្នាំ២០២១នេះផងដែរ៕