(កាប៊ុល)៖ កងកម្លាំងតាលីបង់បានធ្វើព្យុហយាត្រាយោធា នៅទីក្រុងកាប៊ុលកាលពីថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ដោយប្រើរថពាសដែកផលិតដោយអាមេរិក និងឧទ្ធម្ភាគចក្ររុស្ស៊ី នៅក្នុងចេតនាបង្ហាញអំពីការផ្លាស់ប្តូរ ពីទម្រង់ជាកងកម្លាំងក្រុមឧទ្ទាម ទៅជាកងទ័ពរបស់ប្រទេសមួយ ដូចគេដូចឯងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

តាលីបង់ធ្លាប់ជាក្រុមសកម្មប្រយុទ្ធបះបោរ អស់រយៈពេលពីរទសវត្សរ៍មកហើយ ប៉ុន្តែនៅពេលនេះ ពួកគេកំពុងប្រើប្រាស់អាវុធ និងបរិក្ខាយោធាដ៏ច្រើនសន្ធឹកសន្ធាប់ បន្សល់ទុកដោយអតីតរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិច បានដួលរលំនៅក្នុងខែសីហា ហើយការប្រើប្រាស់សព្វាវុធពីលោកខាងលិច នឹងជួយជួសជុលការខ្វះខាតរបស់ពួកគេផងដែរ។

បើតាមលោក អេណាយ៉ាធូលឡោះ ក្វារ៉ាសមី (Enayatullah Khwarazmi) អ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្កានីស្ថាន បានប្រាប់ឲ្យដឹងថា ការធ្វើព្យុហយាត្រាយោធាខាងលើនេះ គឺជាការផ្សាភ្ជាប់ជាមួយការបញ្ចប់ថ្នាក់ហ្វឹកហ្វឺន របស់ទាហានថ្មីៗប្រមាណ ២៥០នាក់។

តាមរយៈរូបភាពដែលត្រូវបានបង្ហាញ នៅក្នុងរដ្ឋធានីកាប៊ុល, ព្យុហយាត្រាយោធាខាងលើនេះ មានការប្រើប្រាស់រថពាសដែកប្រភេទ M117 រាប់សិបគ្រឿងរបស់សហរដ្ឋអាមេរិក និងឧទ្ធម្ភាគចក្រ Mi-17 របស់រុស្ស៊ីហោះអមពីលើ ខណៈទាហានជាច្រើននាក់ទៀត សុទ្ធតែមានបំពាក់ជាប់ខ្លួននូវកាំភ្លើង M4 ផលិតដោយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១៧ សហរដ្ឋអាមេរិកបានជួយទ្រទ្រង់ វិស័យយោធារបស់អតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថាន សរុបជាទឹកប្រាក់ជាង ២៨ពាន់លានដុល្លារឯណោះ ក្នុងនោះមានដូចជាការផ្តល់ អាវុធ, គ្រាប់កាំភ្លើង, រថពាសដែក, ឧបករណ៍ឆ្លុះពេលយប់, យន្តហោះយោធា និងប្រព័ន្ធឃ្លាំមើលជាដើម៕