(ហ្សឺណែវ)៖ ខណៈជំងឺ COVID-19 កំពុងឆ្លងរាតត្បាតជាថ្មីម្តងទៀត និងកាន់តែធ្ងន់ធ្ងរនៅទូទាំងទ្វីបអឺរ៉ុប អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រសប្ដាហ៍នេះបានអំពាវនាវ ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការចាក់វ៉ាក់សាំង និងធានឲ្យបានថា ប្រជាជនដែលងាយរងគ្រោះបំផុត នៅទូទាំងពិភពលោក ទទួលបានការចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាម WHO ជាថ្មីម្តងទៀត អឺរ៉ុបបានស្ថិតនៅចំណុចកណ្តាលនៃការឆ្លងរាតត្បាត COVID-19 ដែលកាលពីរយៈពេលពេញមួយសប្តាហ៍មុន បានកត់ត្រានូវករណីឆ្លងជំងឺនេះរហូតដល់ជិត ២លានករណី។ អគ្គនាយក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ពីទីក្រុងហ្សឺណែវថា នេះគឺជាចំនួនករណីឆ្លង «ច្រើនបំផុតក្នុងរយៈពេលមួយសប្តាហ៍» មិនធ្លាប់មាននៅក្នុងតំបន់អឺរ៉ុប គិតចាប់តាំងពីជំងឺ COVID-19 បានចាប់ផ្តើមផ្ទុះឡើងកាលពីដើមឆ្នាំ២០២០។

នៅពេលដែលប្រទេសនានា កំពុងព្យាយាមទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺនេះ ដោយការដាក់ចេញនូវវិធានការរឹតត្បឹតឡើងវិញ ឬការដាក់ចេញនូវយុទ្ធនាការ ចាក់វ៉ាក់សាំង និងការចាក់វ៉ាក់សាំង «ដូសជំរុញ» បន្ថែមទៀតនោះ, WHO បានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ណាស់ក្នុងការធានាថា «ការចាក់វ៉ាក់សាំងនឹងទៅដល់ អ្នកដែលត្រូវការវាខ្លាំងបំផុត» ទាំងនៅក្នុងទ្វីបអឺរ៉ុប និងតំបន់ផ្សេងទៀត។

លោក Tedros Adhanom បានគូសបញ្ជាក់បន្ថែមថា «យើងមិនមែនគ្រាន់តែនិយាយអំពីចំនួនមនុស្ស ដែលបានទទួលការចាក់វ៉ាក់សាំងនោះទេ តែយើងមើលផងដែរថា តើនរណាខ្លះដែលបានទទួលការចាក់វ៉ាក់សាំង។ វាមិនសមហេតុផលទេ ក្នុងការផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញ ដល់មនុស្សពេញវ័យដែលមានសុខភាពល្អ ឬកុមារ នៅពេលដែលបុគ្គលិកសុខាភិបាល មនុស្សចាស់ និងមនុស្សដែលមានហានិភ័យខ្ពស់ផ្សេងទៀត នៅជុំវិញពិភពលោក នៅតែរង់ចាំការចាក់វ៉ាក់សាំងដូសដំបូងរបស់ពួកគេ»