(ទ្រីប៉ូលី)៖ ក្រសួងការបរទេសលីប៊ីនៅថ្ងៃសុក្រសប្ដាហ៍នេះ បានបញ្ជាក់ពីឆន្ទៈរបស់ខ្លួន ក្នុងការសហការជាមួយប្រព័ន្ធផ្សព្វផ្សាយ ដើម្បីចូលមកផ្សព្វផ្សាយព័ត៌មានពីការបោះឆ្នោត ដែលនឹងគ្រោងប្រព្រឹត្តទៅនៅនាពេលខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រសួងការបរទេសលីប៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយបរទេស បានបញ្ជាក់ឡើងវិញនូវឆន្ទៈរបស់ខ្លួន ក្នុងការសហការជាមួយបណ្តាញផ្សព្វផ្សាយក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងទីភ្នាក់ងារព័ត៌មាននានា ដើម្បីផ្សព្វផ្សាយព័ត៌មានពីការបោះឆ្នោត ដែលបានគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូខាងមុខនេះ»

ក្រសួងការបរទេស និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីមុនបានបង្កើតគណៈកម្មការចំរុះមួយ ក្នុងគោលបំណងផ្តល់ទិដ្ឋាការ ដល់បណ្តាអ្នកសារព័ត៌មាន ក៏ដូចជាបណ្តាញផ្សព្វផ្សាយបរទេស ដើម្បីចូលមកតាមព័ត៌មានអំពីការបោះឆ្នោត នៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។

គួរបញ្ជាក់ថា ប្រទេសលីប៊ីគ្រោងនឹងរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី២៤ ខែធ្នូខាងមុខនេះ ដែលជាផ្នែកមួយនៃផែនទីចង្អុលផ្លូវ ដែលត្រូវបានអនុម័តដោយ វេទិកានៃកិច្ចសន្ទនានយោបាយលីប៊ី (LPDF) ដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិ។ ការបោះឆ្នោតនេះត្រូវបានអន្តរជាតិផ្តល់សង្ឃឹមថា នឹងជួយកសាងសន្តិភាព និងការរួបរួមជាតិលីប៊ីឡើងវិញ បន្ទាប់ការដួលរលំនៃរបបដឹកនាំ លោក មួរម៉ា ហ្គាដាហ្វី កាលពីឆ្នាំ២០១១៕