(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) នៅថ្ងៃសុក្រនេះបានបង្ហើបឲ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងការធ្វើទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ លើការរៀបចំដ៏ជាក់លាក់មួយ សម្រាប់កិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Wang Wenbin បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយនឹងសំណួរនានាពីក្រុមអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងជំនួបនេះ។ លោក Wang Wenbin បាននិយាយថា «នៅក្នុងឆ្នាំ ២០២១ នេះ, ប្រធានាធិបតីចិនលោក ស៉ី ជីនពីង (Xi Jinping) បានជួបសន្ទនាតាមរយៈទូរស័ព្ទចំនួន ០២លើករួចមកហើយ ជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden)។ ប្រមុខរដ្ឋទាំងពីរបានព្រមព្រៀងគ្នា លើរក្សាទំនាក់ទំនងទៅតាមវិធីផ្សេងៗ»

អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់បន្ថែមថា «យើងសង្ឃឹមថាភាគីអាមេរិក នឹងធ្វើការជាមួយប្រទេសចិន ដើម្បីធ្វើឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យ និងនាំទំនាក់ទំនងចិន-អាមេរិក ត្រឡប់ទៅរកផ្លូវត្រឹមត្រូវ និងការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព»