(ប៉េកាំង)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរាតត្បាតនៃប្រទេសចិន លោក ចុង ណានសាន (Zhong Nanshan) បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៣ ឬដូសជំរុញ នៅឯសម័យប្រជុំពេញអង្គនៃវេទិកាអភិបាលក្រុងសកលឆ្នាំ២០២១ (2021 Global Mayor's Forum) រៀបចំឡើងក្នុងទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តក្វាងទុង (Guangdong) នៃភាគខាងត្បូងប្រទេសចិននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

ថ្លែងនាឱកាសនោះ លោក Zhong Nanshan បានបញ្ជាក់ដូច្នេះថា «បើទោះជាមនុស្សបានចាក់វ៉ាក់សាំងបង្ការ COVID-19 ប្រភេទ inactivated ឬ mRNA ក៏ដោយ ក៏អង់ទីករអាច នឹងថយចុះនៅក្នុងរយៈពេល ៦ខែ នៅក្រោយការចាក់វ៉ាក់សាំងគ្រប់ដូស ឬ ២ដូស... ដូច្នេះការចាក់វ៉ាក់សាំងដូសទី៣ គឺជារឿងចាំបាច់»

គួរបញ្ជាក់ថា បើតាមលោក Zhong Nanshan រយៈពេល ៦ខែ ក្រោយការវ៉ាក់សាំងបង្ការ COVID-19 ដូសទី៣ អង់ទីករនៅក្នុងរាងកាយមនុស្សមានការកើនឡើងខ្ពស់ជាងអង់ទីករ នៃដូសទី២ ទៅទៀត ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សមានអាយុចាប់ពី១៨ ដល់៥៩ឆ្នាំ និងមនុស្សមានអាយុ ៦០ឆ្នាំឡើងទៅ។ លោកបន្ថែមថាការប្រើប្រាស់វ៉ាក់សាំង Sinovac របស់ចិនជាដូសជំរុញ មានប្រសិទ្ធភាពប្រឆាំង និងបង្ការ COVID-19 ក្នុងអាត្រាពី៥៦ ដល់៨០ភាគរយ ហើយអាចបង្ការកុំឱ្យមនុស្សធ្លាក់ខ្លួនឈឺដល់ថ្នាក់ត្រូវដេកសម្រាក នៅមន្ទីរពេទ្យក្នុងអាត្រាពី ៨៤ ដល់ ៨៨ភាគរយ៕