(ឡូសអាន់ជែឡែស)៖ ការគំរាមកំហែងបំផ្ទុះគ្រាប់បែក នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង (USC) ស្ថិតនៅក្នុងទីក្រុងឡូសអាន់ជែឡែស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្កឱ្យមានការជម្លៀសមនុស្សទាំងអស់ ចេញពីអគារជាច្រើននៃបរិវេណសាកលវិទ្យាល័យ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

សាកលវិទ្យាល័យ USC បានសរសេរសារបង្ហោះនៅលើគណនី Twitter ផ្លូវការរបស់ខ្លួន នៅរសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា «មនុស្សទាំងអស់ត្រូវបានជម្លៀសចេញពីអគារ ហ្គ្រេស ហ្វដ សាល់វ៉េតូរី (Grace Ford Salvatori Hall), សេមផល (Sample Hall) និង វ៉លលីស អានណិនប៊ឺក (Wallis Annenberg Hall) ហើយអគារទាំងនោះ ត្រូវបានបិទទាំងស្រុង ដោយសារតែការគំរាមកំហែងបំផ្ទុះគ្រាប់បែក»។

បើតាមគណនី Twitter ផ្លូវការរបស់សាកលវិទ្យាល័យ, នាយកដ្ឋានប៉ូលិសទីក្រុង Los Angeles និងនាយកដ្ឋានសុវត្ថិភាពសាធារណៈនៃសាកលវិទ្យាល័យ USC បានធ្វើការស្រាវជ្រាវនៅតំបន់នោះ ហើយប្រហែលកន្លះម៉ោងក្រោយមក ភ្នាក់ងារអនុវត្តច្បាប់បានកំណត់ថា អគារដែលត្រូវបានជម្លៀសមនុស្សទាំងចេញនោះ គឺមានសុវត្ថិភាព ហើយអគារដែលពាក់ព័ន្ធផ្សេងទៀត ត្រូវបានបើកឡើងវិញហើយ។

និស្សិតនៃសាកលវិទ្យាល័យ USC ម្នាក់ដែលមាននាមត្រកូល លី (Li) បានគូសបញ្ជាក់ប្រាប់ស៉ីនហួរថា «ខ្ញុំបានឃើញមនុស្សជាច្រើន កំពុងត្រូវបានជម្លៀសចេញពីអគារភ្លាមៗ បន្ទាប់ពីទទួលបានការជូនដំណឹងពីសាកលវិទ្យាល័យ ប៉ុន្តែមិនមែនស្ថិតក្នុងស្ថានភាពភ័យស្លន់ស្លោនោះទេ»។

គួរបញ្ជាក់ថា សាលារៀនជាច្រើន ដែលមានទីតាំងស្ថិតនៅតាមតំបន់ឆ្នេរសមុទ្រ ភាគខាងកើតនៃសហរដ្ឋអាមេរិក រួមមានសាលារៀន យែល (Yale), ខូឡុំបៀរ (Columbia), ខរណែល (Cornell) និង ប្រោន (Brown) ក៏បានទទួលការគំរាមកំហែងបំផ្ទុះគ្រាប់បែកផងដែរ ហើយត្រូវបានបង្ខំឱ្យជម្លៀសសិស្សចេញពីអគារ នៃបរិវេណសាលារៀននៅដើមខែនេះ។ ពាក់ព័ន្ធករណីបង្កការភ្ញាក់ផ្អើលខាងលើនេះ គឺកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ៕