(ប៊ែរឡាំង)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺនៃប្រទេសអាល្លឺម៉ង់ បានណែនាំឲ្យប្រជាជនទាំងអស់ លុបចោល ឬចៀសវាងការជួបជុំគ្នាក្នុងព្រឹត្តិការណ៍ធំៗ និងកាត់បន្ថយការចេញដើរហើររបស់ពួកគេ ក្នុងករណីមិនចាំបាច់ ខណៈប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុត ប្រចាំសហភាពអឺរ៉ុបមួយនេះ កំពុងប្រឈមនឹងការផ្ទុះឡើងវិញ នៃករណីឆ្លង COVID-19 ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នារសៀលថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកឆ្លងជំងឺ COVID-19 សរុប ៤៨,៦៤០នាក់ទៀតត្រូវបានធ្វើតេស្តរកឃើញ ដែលបង្ហាញពីការធ្លាក់ចុះវិញបន្តិចប៉ុណ្ណោះ បើធៀបនឹងតួលេខកាលពីមួយថ្ងៃមុន ដែលមានរហូតដល់ជាង ៥០,០០០ករណីឯណោះ និងជាតួលេខឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតគិតចាប់តាំងពីដើមឆ្នាំ២០២០។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកជំងឺ ១៩១នាក់បានស្លាប់។ គិតត្រឹមថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកានេះ អាល្លឺម៉ង់មានករណីឆ្លង COVID-19 សរុប ៤.៩៧លានករណី ក្នុងនោះស្លាប់ ៩៧,៣៨៩នាក់។ ឆ្លើយតបនឹងស្ថានការណ៍បន្ទាន់ខាងលើនេះ អធិការបតីជិតផុតអាណត្តិ លោកស្រី អាន់ជែឡា មើគែល បានប្រកាសថា នឹងបើកកិច្ចប្រជុំជាមួយអភិបាលរដ្ឋទាំង ១៦ របស់អាល្លឺម៉ង់ ដើម្បីពិភាក្សាស្វែងរកយន្តការថ្មី ក្នុងការទប់ទល់ការឆ្លងរាតត្បាត COVID-19 ចំពោះមុខរដូវរងា៕