(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយថាលោកមិនដែលបាននិយាយកុហកម្ដងណាឡើយ ចាប់តាំងពីលោកជាប់ឆ្នោតជា តំណារាស្ត្រកាលពីឆ្នាំ២០០៧មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

ការលើកឡើងបែបនេះរបស់លោក ម៉ូរីសុន គឺជាការច្រានចោលទៅនឹងការចោទប្រកាន់ពីសំណាក់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង និងមន្ត្រីជាន់ខ្ពស់របស់លោកដែលបាន ចោទរូបលោកថាបាននិយាយកុហកពាក់ព័ន្ធនឹងការលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីបារាំង ដើម្បីស្រវាយកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក នៅក្រោមសម្ព័ន្ធ AUKUS។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ 3AW នៅថ្ងៃសុក្រនេះ និងជាការឆ្លើយតបទៅនឹងសំណួរនឹងពាក់ព័ន្ធភាពចម្រូងចម្រាសជាមួយបារាំង លោក ម៉ូរីសុនបានបញ្ជាក់ដូច្នេះថា «ទេ, ខ្ញុំមិនដែលបាននិយាយកុហកឡើយ...វាជារឿងនយោបាយសុទ្ធសាធ»

គួរបញ្ជាក់ថា បារាំងបានអះអាងថាអូស្រ្ដាលីមិនបានជូនដំណឹងជាមុនលើការលុបចោលកិច្ចសន្យាទិញនាវាមុជទឹកពីខ្លួននោះទេ រហូតដល់ថ្ងៃដែលទីក្រុងកង់បេរ៉ាប្រកាសពី ការសម្រេចចិត្ត នៅក្រោមកិច្ចព្រមព្រៀងថ្មីជាមួយអាមេរិក និងអង់គ្លេស ដែលនេះត្រូវបានទីក្រុងប៉ារីសចោទថាជាទង្វើលួចចាក់សម្ព័ន្ធមិត្តពីក្រោយខ្នង។ ប៉ុន្តែ លោក ម៉ូរីសុន បានបដិសេធការលើកឡើងបែបនេះដោយលោកបញ្ជាក់ថាលោកបានជូនដំណឹងដល់លោក ម៉ាក្រុង មួយសប្ដាហ៍មុននឹងការប្រកាសពីការលុបចោលកិច្ចសន្យាទិញ នាវាមុជទឹកពីបារាំង។

បើតាមលោក ម៉ូរីសុន នាវាមុជទឹកបារាំងដើរដោយម៉ាស៊ូតមិនអាចបំពេញតាមតម្រូវការផលប្រយោជន៍អូស្ត្រាលីដូចជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនោះទេ ហើយការសម្រេចចិត្តរបស់លោកឈរលើផលប្រយោជន៍ជាតិ៕