(វៀងច័ន្ទ)៖ ប្រទេសឡាវនៅតែបន្តមើលឃើញស្ថានភាពធ្ងន់ធ្ងរ នៃការឆ្លងរាតត្បាតជំងឺ COVID-19 ជាពិសេសនៅក្នុងរដ្ឋធានីវៀងច័ន្ទ ដោយនៅថ្ងៃសុក្រនេះករណីឆ្លងសរុប ១,១៩៨នាក់ទៀត ត្រូវបានរាយការណ៍នៅទូទាំងប្រទេស និងអ្នកជំងឺម្នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

អាជ្ញាធរគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសឡាវបានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១,១៩៨នាក់ ដែលត្រូវបានរកឃើញនាកំលុងពេល ២៤ម៉ោងកន្លងទៅនេះ ១,១៩៥នាក់ជាករណីឆ្លងក្នុងស្រុក និង ៣នាក់ជាករណីនាំចូលពីក្រៅប្រទេស។

គិតត្រឹមពេលនេះ ឡាវមានករណីឆ្លងជំងឺ COVID-19 សរុប ៥២,១៧៥ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៩៤នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ឡាវសម្រេចបាន ៦.០៣លានដូស ក្នុងនោះប្រជាជន ២.៧៨លាននាក់ (៣៨.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕