(សេអ៊ូល)៖ មន្ត្រីការទូតអាមេរិកម្នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានបើករថយន្ដ បុករថយន្ដតាក់ស៊ីមួយគ្រឿងនៅក្នុងទីក្រុងសេអ៊ូល ហើយបានបើករត់គេចបាត់ស្រមោល កាលពីថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមរបាយការណ៍ប៉ូលិសកូរ៉េខាងត្បូង, រថយន្ដមួយគ្រឿងផ្ទុកមនុស្ស៤នាក់ ក្នុងនោះមានម្នាក់ដែលគេអះអាងថាជាមន្ត្រីទូតអាមេរិកម្នាក់ដែលជាអ្នកបញ្ជាចង្កូត បានបើកបុក រថយន្ដតាក់ស៊ីមួយគ្រឿងពីក្រោយ នៅលើដងផ្លូវក្នុងទីក្រុងសេអ៊ូល កាលពីម៉ោង៥៖៣៥នាទីល្ងាច ថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងសេអ៊ូល)។

ក្រោយបើកបុករថយន្ដតាក់ស៊ីរួច, មន្ត្រីទូតអាមេរិកខាងបានបើកគេចខ្លួនបាត់ស្រមោល ដោយមិនបានដោះស្រាយជាមួយភាគីម្ខាងទៀតនោះទេ។ មកទល់នឹងពេលនេះ មន្ត្រីទូតអាមេរិករូបនេះមិនត្រូវបានគេបញ្ជាក់អត្តសញ្ញាណឡើយ ខណៈខាងក្រសួងការបរទេសកូរ៉េខាងត្បូង កំពុងសហការជាមួយអាជ្ញាធរអនុវត្តច្បាប់ ដើម្បីដោះស្រាយ គ្រោះថ្នាក់ចរាចរណ៍នេះ៕