(តៃប៉ិ)៖ ក្រសួងការបរទេសតៃវ៉ាន់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីហុងឌូរ៉ាសជិតផុតអាណត្តិ គឺលោក ហ័ន អ័រលែនដូ ហឺណាន់ដែស (Juan Orlando Hernandez) នឹងមកបំពេញទស្សនកិច្ចនៅកោះនេះ ចំពោះមុខភាពតានតឹងខ្លាំងក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

ហុងឌូរ៉ាស (Honduras) គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន ១៥ ប៉ុណ្ណោះនៅលើពិភពលោក ដែលនៅបន្តរក្សាទំនាក់ទំនងការទូត ជាមួយនឹងកោះតៃវ៉ាន់។ ក្រសួងការបរទេសកោះតៃវ៉ាន់ ត្រឹមតែចេញនូវសេចក្តីថ្លែងការណ៍ ដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Hernandez នាពេលខាងមុខនេះប៉ុណ្ណោះ, ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិតអ្វីបន្ថែមទៀតឡើយ សូម្បីតែពេលវេលាជាក់លាក់ នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ប្រទេសអាមេរិកកណ្តាលមួយនេះ ដោយត្រឹមតែបង្ហើបថា ជាការអបអរខួប ៨០ឆ្នាំ នៃទំនាក់ទំនងការទូត។

គួរបញ្ជាក់ថា ប្រទេសហុងឌូរ៉ាសនឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គណបក្សប្រឆាំងធំបំផុតរបស់ប្រទេសនេះបានសន្យាថា នឹងងាកទៅបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចិនវិញ ប្រសិនបើខ្លួនឈ្នះឆ្នោត លើគណបក្សកាន់អំណាចរបស់លោក Hernandez។

កាលពីឆ្នាំ២០១៨ ប្រទេស អ៊ែល សាលវ៉ាដ័រ (El Salvador) ដែលស្ថិតនៅតំបន់អាមេរិកកណ្តាលដូចគ្នា បានសម្រេចបោះបង់ចោលទីក្រុងតៃប៉ិ ហើយងាកទៅផ្សាភ្ជាប់ទំនាក់ទំនងការទូត ជាមួយនឹងទីក្រុងប៉េកាំងវិញ៕