(ប៉េកាំង)៖ ថ្ងៃទី១១ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ក្រោមប្រធានបទ «ប្រកាន់ខ្ជាប់ការអភិវឌ្ឍជានិរន្តរភាព រួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ នៃតំបន់អាស៊ីប៉ាស៊ីហ្វិក» តាមប្រព័ន្ធវីដេអូនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មនៃ អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងប៉េកាំង។

លោកបានលើកឡើងថា បច្ចុប្បន្នជំងឺកូវីដ១៩នៅតែរីករាលដាល នៅទូទាំងពិភពលោក តំបន់អាស៊ីប៉ាស៊ីហ្វិកគួរទទួលបន្ទុកយុគសម័យយ៉ាងក្លាហាន ដើម្បីដើរតួនាទីណែនាំ និងឈានទៅរកគោលដៅរួម នៃការកសាងសហគមន៍រួមវាសនាតែមួយ នៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការចេញផុតពីជំងឺកូវីដ១៩ សម្រេចការស្តារសេដ្ឋកិច្ចឡើងវិញ ជាភារកិច្ចចម្បងបំផុតដែលតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងប្រឈមមុខ។

ប្រឈមមុខនឹងបញ្ហាពាក់ព័ន្ធនឹង អនាគតរបស់មនុស្សជាតិ អង្គភាពសេដ្ឋកិច្ចនានានៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងឥស្សរជននៃមជ្ឈដ្ឋាននានា ត្រូវប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជន និងអាយុជីវិតជាអាទិភាព ផ្សព្វផ្សាយស្មារតីវិទ្យាសាស្ត្រ រួមសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីយកឈ្នះលើប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ភាគីនានាគួរតែបើកចិត្តឱ្យទូលាយ និងក្តាប់និន្នាការទូទៅ។ ការចែកបក្ខពួកតាមមនោគមវិជ្ជ និងភូមិសាស្ត្រនយោបាយ គឺគ្មានអនាគតទេ។

អេកូបរិស្ថានដ៏ល្អប្រសើរជាផលិតផលសាធារណៈមូលដ្ឋានបំផុត និងមានអំណោយផលបំផុតដល់សុភមង្គលរបស់ប្រជាជន។ តំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវស្តារសេដ្ឋកិច្ចឡើងវិញតាមបែបបៃតង ខិតខំធ្វើជាអ្នកនាំមុខនៃការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុតាមបែបវិទ្យាសាស្ត្រ។

យើងត្រូវយល់ដឹងឱ្យត្រឹមត្រូវនូវទស្សនៈអភិវឌ្ឍន៍ជានិរន្តរភាព ប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាអាទិភាព សម្រួបសម្រួលការអភិវឌ្ឍសេដ្ឋកិច្ច ធានាដល់ជីវភាពរស់នៅ សន្សំសំចៃថាមពល និងកាត់បន្ថយការបញ្ចេញកាបូន ដើម្បីជំរុញការផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតង ហើយសម្រេចការអភិវឌ្ឍកាន់តែច្រើន តាមរយៈការផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតង។

យើងគួរបង្កើនការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងរបប បង្កើនកិច្ចសហប្រតិបត្តិការផ្នែកច្នៃប្រឌិត ដោយបច្ចេកវិទ្យារបស់រដ្ឋសមាជិកអាស៊ីប៉ាស៊ីហ្វិក ដើម្បីបង្កើតបរិយាកាស ប្រកបដោយការបើកទូលាយ យុត្តិធម៌ សច្ចធម៌ និងមិនរើសអើងសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា។

សកម្មភាពកាត់បន្ថយការបញ្ចេញកាបូនរបស់ប្រទេសចិន គឺជាការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមយ៉ាងស៊ីជម្រៅ។ ទោះបីជាភារកិច្ចនេះពិបាកខ្លាំងក៏ដោយ ក៏យើងនឹងបន្តឈានទៅមុខដោយឥតឈប់ឈរ ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរទៅជារូបបន្តអភិវឌ្ឍន៍បៃតងជាសកល។

ប្រទេសចិននឹងជំរុញកំណែទម្រង់ និងបើកទូលាយដោយមិនងាករេ ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជំរុញការផ្លាស់បន្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតង ដោយគ្រប់ជ្រុងជ្រោយ ព្រមនិងរួមចំណែកដល់ការកសាងអរិយធម៌អេកូឡូស៊ី នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងទូទាំងពិភពលោក ក្នុងន័យខិតខំប្រឹងប្រែជំរុញ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច នៅតំបន់អាស៊ីប៉ាស៊ីហ្វីក៕