(ប៊ុយការ៉េស)៖ ក្រុមមន្ត្រីនៃប្រទេសរ៉ូម៉ានី បានរាយការណ៍ឱ្យដឹងថា អ្នកជំងឺ COVID-19 ចំនួន ០២នាក់ ដែលសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមួយកន្លែង ស្ថិតក្នុងទីក្រុងផ្លូអេស្ទី (Ploiesti) ភាគកណ្តាលប្រទេស បានបាត់បង់ជីវិត ខណៈគិលានុបដ្ឋាយិកាម្នាក់បានរងរបួស នៅពេលដែលអគ្គិភ័យបានឆាបឆេះមន្ទីរពេទ្យនោះ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ វាជាករណីអគ្គិភ័យឆាបឆេះមន្ទីរពេទ្យដ៏អាក្រក់ថ្មីមួយទៀត ក្នុងរយៈពេល០១ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

គ្រោះអគ្គិភ័យខាងលើបាន ចាប់ផ្ដើមឆាបឆេះនៅវេលាម៉ោងប្រហែល ០៩៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ និងបានប៉ះពាល់លើ បន្ទប់មួយរបស់មន្ទីរពេទ្យ។ អ្នកជំងឺ COVID-19 សរុបចំនួន១៥នាក់ ដែលរងការគំរាមកំហែងពីអគ្គិភ័យ ត្រូវបានបញ្ជូនចេញទៅកាន់ មន្ទីរពេទ្យផ្សេងទៀត។ បច្ចុប្បន្ននេះ មានអ្នកជំងឺច្រើនជាង ១៧,៤០០នាក់ ក្នុងនោះមានទាំងកុមារ ៣១០នាក់ កំពុងសម្រាកព្យាបាល COVID-19 នៅតាមមន្ទីរពេទ្យ ក្នុងប្រទេសរ៉ូម៉ានី។

គួរបញ្ជាក់ថា កាលពីខែតុលាកន្លងទៅ គ្រោះអគ្គិភ័យ បានសម្លាប់មនុស្សចំនួន០៧នាក់ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមួយកន្លែង ដែលស្ថិតក្នុងទីក្រុងកុនស្តាន់តា (Constanta) ភាគខាងកើតប្រទេស។ រីឯកាលពី ខែកុម្ភៈ ឆ្នាំដដែលនេះ គ្រោះអគ្គិភ័យ ក៏បានសម្លាប់អ្នកជំងឺចំនួន ០៤នាក់ផងដែរ នៅរដ្ឋធានីប៊ុយរ៉ាកេស។ ចំណែក កាលពីខែវិច្ឆិកា ឆ្នាំ២០២០វិញ មានមនុស្សចំនួន១០នាក់ បានស្លាប់ដោយសារគ្រោះអគ្គិភ័យ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមួយកន្លែង ដែលស្ថិតក្នុងតំបន់ភៀត្រា នីអាម (Piatra Neamt)៕