(កូឡុំបូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ ខាងអាជ្ញាធរបានឲ្យដឹងថា គ្រោះទឹកជំនន់បណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំង នៅឯតំបន់ភាគខាងត្បូងឥណ្ឌា និងនៅស្រីលង្កា បានផ្តាច់ជីវិតមនុស្សអស់យ៉ាងហោច ៤១នាក់ ប៉ុន្តែការព្យាករបង្ហាញថា ស្ថានភាពធ្លាក់ភ្លៀងនេះ នឹងចុះអន់ថយទៅវិញ ក្នុងពេលប៉ុន្មានខែខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

អាជ្ញាធរឧតុនិយមនៅប្រទេសឥណ្ឌា បានឲ្យដឹងថា ក្នុងពេលប៉ុន្មានទៀត តំបន់ដែលរងការប៉ះពាល់ នឹងទទួលរងការធ្លាក់ភ្លៀងចាប់ពីតិចតួច ទៅត្រឹមបង្គួរប៉ុណ្ណោះ ខណៈផ្លូវមួយចំនួន និងកន្លែងវាលទំនាប អាចនៅមានការជន់លិចខ្លះៗ។ ចំណែកនៅស្រីលង្កា ភ្លៀងត្រូវបានព្យាករថា នឹងលែងសូវធ្លាក់ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ ដោយសារប្រព័ន្ធសម្ពាធទាប ដែលបង្កឲ្យមានអាកាសធាតុអាក្រក់ បានចេញផុតឆ្ងាយហើយ។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់និងទឹកជំនន់ បានសម្លាប់មនុស្ស២៥នាក់ នៅប្រទេសដីកោះស្រីលង្កា ដោយភាគច្រើនគឺដោយសារតែលង់ទឹក ខណៈ គ្រោះបំណាក់ដី បានបង្កឲ្យ៥នាក់រងរបួស។ ចំណែកមនុស្ស១៦នាក់ទៀត នៅរដ្ឋតាមិលណាដូ (Tamil Nadu) របស់ឥណ្ឌា ក៏បានបាត់បង់ជីវិត ផងដែរ៕