(ញូយ៉ក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA និងក្រុមហ៊ុនអវកាស SpaceX ទើបតែទទួលបានជោគជ័យជាថ្មីម្តងទៀត ក្នុងការបញ្ជូនក្រុមអវកាសយានិក ឡើងទៅស្ថានីយអវកាសអន្តរជាតិ (ISS)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

យានអវកាស Crew Dragon និងគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX នៅក្នុងបេសកកម្មហៅថា Crew-3 បានហោះចាកចេញពីមជ្ឈមណ្ឌលអវកាស ខេនណេឌី របស់អង្គការ NASA ដែលស្ថិតនៅរដ្ឋផ្លូរីដា កាលពីវេលាម៉ោង០៩៖០៣នាទីយប់ ថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ជាមួយអវកាសយានិកអាមេរិកចំនួន៣នាក់ និងអវកាសយានិកអាល្លឺម៉ង់ចំនួនម្នាក់ មកពីទីភ្នាក់ងារអវកាសអឺរ៉ុប ESA។

NASA បានឲ្យដឹងថា យាន Crew Dragon បានផ្តាច់ខ្លួនចេញពីគ្រាប់រ៉ុក្កែត Falcon 9 ដោយជោគជ័យ។ វាត្រូវគេរំពឹងថា នឹងធ្វើដំណើរទៅដល់ស្ថានីយ ISS នៅខ្ទង់វេលាម៉ោង ០៧៖១០នាទីយប់ ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។

គួរបញ្ជាក់ថា Crew-3 គឺជាបេសកកម្មដឹកមនុស្សលើកទី៥ហើយ សម្រាប់ក្រុមហ៊ុន SpaceX និងជាលើកទី៤ នៅក្រោមកិច្ចសហការជាមួយ NASA។ បេសកកម្មជើងដំបូងគេ គឺការសាកល្បងបញ្ជូនអវកាសយានិក ២នាក់ ឡើងទៅកាន់ស្ថានីយ ISS កាលពីខែឧសភា ឆ្នាំ២០២០៕