(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍នេះបានព្រមាន ប្រឆាំងនឹងការវិលត្រឡប់ទៅរកភាពតានតឹង នៃយុគសម័យសង្រ្គាមត្រជាក់សាជាថ្មី

នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយការជំរុញឱ្យបណ្ដាប្រទេសទាំងអស់ ធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នា ក្នុងស្ដារសេដ្ឋកិច្ចឡើងពីវិបត្តិ COVID-19 និងដោះស្រាយការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទធុរកិច្ចមួយតាមប្រព័ន្ធវីដេអូ នៅឯកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក និងចំពេលមហាយក្សអាស៊ីមួយនេះ កំពុងមានទំនាក់ទំនងកាន់តែតានតឹង ជាមួយសហរដ្ឋអាមេរិក។ ស្ថិតក្នុងឱកាសនោះ លោក ស៊ី ជិនពីង បានគូសបញ្ជាក់ដូច្នេះថា «ការប៉ុនប៉ងធ្វើសង្រ្គាមត្រជាក់ ឬការឡោមព័ទ្ធភូមិសាស្ត្រនយោបាយនោះ នឹងទទួលបរាជ័យ ហើយតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល មិនអាច និងមិនគួរវិលត្រឡប់ទៅរកការប្រឈមមុខដាក់គ្នា និងការបែកបាក់ ក្នុងយុគសម័យសង្រ្គាមត្រជាក់ជាថ្មីនោះទេ»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានគេរាយការណ៍ថា គ្រោងនឹងជួបគ្នាតាមប្រព័ន្ធវីដេអូនៅសប្ដាហ៍ក្រោយនេះ ចំពេលទំនាក់ទំនងរវាងមហាអំណាចទាំង ២ កាន់តែតានតឹងខ្លាំងឡើង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

កាលពីថ្ងៃពុធម្សិលមិញនេះ ចិនបានចេញមុខថ្កោលទោសក្នុងកម្រិតធ្ងន់ ចំពោះដំណើរទស្សនកិច្ច នៃគណប្រតិភូសភាសហរដ្ឋអាមេរិក មកកាន់ទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ តាមរយៈយន្តហោះយោធា ដែលត្រូវបានគេមើលឃើញថា បាននិងកំពុងដុតរោលទំនាក់ទំនង រវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ឲ្យកាន់តែក្តៅគគុកថែមមួយកម្រិតទៀត៕