(ការ៉ាកាស់)៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលវេណេស៊ុយអេឡា បានប្រាប់ទៅកាន់សម័យប្រជុំលើកទី ២៦ នៃកិច្ចប្រជុំ «COP26» របស់អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលកំពុងប្រព្រឹត្តទៅនៅឡើយនៅទីក្រុង ក្លាសកូវ (Glasgow) ប្រទេសស្កុតលែនថា ទណ្ឌកម្ម របស់ សហរដ្ឋអាមេរិក ប្រឆាំង នឹង ទីក្រុងការ៉ាកាស់ កំពុងរារាំងសមត្ថភាពប្រទេសអាមេរិកឡាទីនមួយនេះ ក្នុង ការ ចាត់ វិធានការ ប្រឆាំង នឹង វិបត្តិ អាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋមន្ត្រីក្រសួងកិច្ចការសង្គម-អេកូឡូស៊ី នៃប្រទេសវេណេស៊ុយអេឡា លោក ហូស្វេ ឡូរកា (Josue Lorca) បានថ្លែងចំពោះមុខកិច្ចប្រជុំ COP26 យ៉ាងដូច្នេះថា «វិធានការបង្ខិតបង្ខំបែបឯកតោភាគី មកលើប្រទេសរបស់យើង គឺតំណាងឱ្យផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើការអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុ ទីក្រុងប៉ារីស។ ទណ្ឌកម្មទាំង នេះ គឺជា ឧបសគ្គ រារាំង សមត្ថភាព របស់ វេណេស៊ុយអេឡា ក្នុងការចាត់វិធានការនានា ដូចជាការ កាត់បន្ថយ និង សម្របខ្លួន ព្រមទាំងការឆ្លើយតប ចំពោះ ការ ប្រែប្រួល អាកាសធាតុ»

មន្ត្រីជាន់ខ្ពស់វេណេស៊ុយអេឡាខាងលើនេះ បានគូសបញ្ជាក់ទៀតថា ប្រទេសរបស់លោកបានបំពេញតាមការប្តេជ្ញាចិត្ត ដូចមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ប្រមាណ ២០ភាគរយ និងបានកាត់បន្ថយអត្រា នៃការកាប់បំផ្លាញព្រៃឈើរបស់ខ្លួនចំនួន ៤៧ភាគរយ គិតចាប់តាំងពីឆ្នាំ ២០១០។

លោក Josue Lorca បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងប្រឈមមុខការប្រកួតប្រជែង ទៅលើដំណើរការបែបពហុភាគីនិយម ដែលត្រូវការជាចាំបាច់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការប្រយុទ្ធប្រឆាំងនឹងការកើនឡើងកម្តៅភពផែនដី៕