(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃពុធសប្ដាហ៍នេះ បានស្វាគមន៍សេចក្ដីប្រកាសរួមគ្នារវាងប្រទេសចិន និងសហរដ្ឋអាមេរិក ស្តីពីការបង្កើនសកម្មភាពអាកាសធាតុនៅឯសន្និសីទកំពូល COP26 ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង ក្លាសកូវ (Glasgow) ប្រទេសស្កុតលែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Antonio Guterres បានសរសេរសារបង្ហោះនៅលើគណនីបណ្ដាញសង្គម Twitter ថា «ខ្ញុំសូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនាថ្ងៃនេះរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដើម្បីធ្វើការរួមគ្នាក្នុងការបង្កើនសកម្មភាពអាកាសធាតុ (#ClimateAction) ដ៏មានមហិច្ឆតាបន្ថែមទៀត នៅក្នុងទសវត្សរ៍នេះ។ ការដោះស្រាយវិបត្តិអាកាសធាតុ ច្បាស់ណាស់ត្រូវទាមទារការសហការ និងសាមគ្គីភាពជាអន្តរជាតិ ហើយនេះជាជំហានដ៏សំខាន់មួយ ក្នុងការឆ្ពោះទៅរកទិសដៅត្រឹមត្រូវ»

ចិន និងអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ បានចេញផ្សាយសេចក្ដីប្រកាសរួមគ្នា រវាងប្រទេសមហាយក្សសេដ្ឋកិច្ចទាំងពីរ ស្តីពីការបង្កើនសកម្មភាពអាកាសធាតុ ក្នុងទសវត្សរ៍ ២០២០ នៅឯសម័យប្រជុំលើកទី ២៦ នៃសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Glasgow ប្រទេសស្កុតលែន។

ភាគីទាំងពីរបានសន្យាបន្តធ្វើការរួមគ្នា និងជាមួយគ្រប់ភាគីទាំងអស់ ដើម្បីពង្រឹងការអនុវត្ត កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៥។ ប្រទេសទាំងពីរបានឯកភាពក្នុងការបង្កើត ក្រុមការងារមួយដើម្បីបង្កើនសកម្មភាព ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុក្នុងទសវត្សរ៍ ២០២០ នេះ ក៏ដូចជាការជំរុញ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងដំណើរការបែបពហុភាគីទៅថ្ងៃអនាគត៕