(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ជុំវិញអំពើហិង្សាដែលបាននិងកំពុងកើនឡើង នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ហើយនៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយ ដែលត្រូវបានឯកភាពដោយសមាជិកទាំង ១៥ ប្រទេស បានជំរុញឱ្យគ្រប់ភាគីនៅក្នុងប្រទេសអាស៊ានមួយនេះ បិទបញ្ចប់ការប្រយុទ្ធជាបន្ទាន់ ហើយយោធាមីយ៉ាន់ម៉ាត្រូវអនុវត្ត ការអត់ធ្មត់ជាអតិបរមា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាម UNSC សមាជិកទាំងអស់បានពិនិត្យមើលរបាយការណ៍នានា អំពីការដាក់ពង្រាយកងកម្លាំងយោធា និងសព្វាវុធធុនធ្ងន់នៅក្នុងរដ្ឋ ឈីន (Chin) ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដើម្បីត្រៀមកម្ទេចកងជីវពល ដែលត្រូវបានបង្កើតឡើងក្រោយរដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍រួមរបស់ UNSC នៅថ្ងៃពុធសប្តាហ៍នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ ពិតជាមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះអំពើហិង្សាដែលនឹងអាចកើនឡើងបន្ថែមទៀត នៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ យើងបានទទូចឲ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់ និងធានាសុវត្ថិភាពដល់ជនស៊ីវិលទាំងឡាយ»

គួរបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ រដ្ឋាភិបាលបណ្តោះអាសន្នរបស់យោធាមីយ៉ាន់ម៉ា មិនទាន់បានធ្វើការបកស្រាយអ្វីនៅឡើយទេ ជុំវិញស្ថានការណ៍នៅក្នុងរដ្ឋ Chin ដែលត្រូវបានគេមើលឃើញថា កំពុងក្លាយជាចំណុចរំជើបរំជួលថ្មីមួយ នៃការប្រមូលផ្តុំកម្លាំងប្រឆាំងនឹងរបបយោធា។ ក្រៅពីការអំពាវនាវឲ្យបិទបញ្ចប់អំពើហិង្សា, ក្រុមប្រឹក្សាសន្តិសុខ UN ក៏បានជំរុញបន្ថែមទៀតផងដែរ ឲ្យគ្រប់ភាគីនៅមីយ៉ាន់ម៉ារៀបចំកិច្ចសន្ទនា និងផ្សះផ្សាគ្នាឡើងវិញ ដើម្បីជាផលប្រយោជន៍នៃប្រជាជនមីយ៉ាន់ម៉ាទាំងអស់៕