(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងកាលពីខែតុលាកន្លងទៅ បានធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់ចេញពីនាវាមុជទឹក។ សហរដ្ឋអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងចំពោះការ ធ្វើតេស្ដនេះ ដោយបេសកជនពិសេសអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Sung Kim បានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ទង្វើបង្ករឿងបែបនេះតទៅទៀត ហើយ ត្រឡប់មករកតុចរចាឡើងវិញ។ ប៉ុន្តែ ដោយចោទថាអាមេរិកនៅតែប្រកាន់ភ្ជាប់នយោបាយអរិភាពចំពោះកូរ៉េខាងជើង របបដឹកនាំលោក គីម ជុងអ៊ុន មិនបានឆ្លើយតបទៅនឹងសំណើចរចាពីទីក្រុងវ៉ាស៊ីនតោនឡើយ។

ការបដិសេធនេះ វាមិនមែនជារឿងភ្ញាក់ផ្អើលអ្វីទេ ហើយទោះជាកិច្ចចរចាកើតឡើងជាថ្មីមែន ក៏គេមានសង្ឃឹមតិចតួចណាស់ថាអាមេរិក និងកូរ៉េខាងជើងអាចផ្សះផ្សាទំនាក់ទំនង ឬក៏សម្រេចបានលទ្ធផលជាដុំកំភួនណាមួយ ជាពិសេសគឺការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ ស្ថានភាពនៃទំនាក់ទំនងបច្ចុប្បន្នរវាងអាមេរិក និងកូរ៉េខាងជើងត្រូវបាន ក្រុមអ្នកវិភាគខ្លះយល់ថា វាប្រៀបបានដូចជា «ឆ្មា និងកណ្ដុរ» ដែលតាមធម្មជាតិ មិនអាចរួមរស់នៅជាមួយគ្នាបានទេ។

សម្រាប់ប្រធានាធិបតីអាមេរិកគ្រប់ជំនាន់រួមទាំងលោក ចូ បៃដិន សុទ្ធតែចាត់ទុកថាកូរ៉េខាងជើង គឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ដូចគ្នាដែរ មេដឹកនាំកូរ៉េខាងជើង តាំងតែពីជំនាន់លោក គីម អ៊ីលស៊ុង និងលោក គីម ជុងអ៊ីល រហូតដល់លោក គីម ជុងអ៊ុន នៅតែចាត់ទុកថាអាមេរិកគំរាមកំហែងដល់អំណាច និងការដឹកនាំ របស់គ្រួសារត្រកូលគីម ហើយការមើលឃើញគ្នាថាជាសត្រូវទៅវិញទៅមកបែបនេះប្រហែលជានឹងមិនងាយ ឬនឹងមិនអាចលុបបំបាត់បានទេ។ តើមកពីហេតុអ្វី? ចម្លើយដ៏សំខាន់ មួយនៃសំណួរនេះបើមិនរាប់បញ្ចូល «ផ្នត់គំនិតខុសគ្នា និងប្រព័ន្ធនយោបាយខុសគ្នា» នោះគឺដោយសារតែ «អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង» តែម្ដង។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនធ្លាប់បានលើកឡើងថាវត្ថុបំណងរបស់លោកក្នុងការដោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េ នោះគឺ «ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់ កូរ៉េខាងជើង»។ គោលនយោបាយនេះបានបរាជ័យកាលពីអតីតកាល ហើយនឹងនៅតែបន្តបរាជ័យនៅពេលអនាគត ពីព្រោះថាអាវុធនុយក្លេអ៊ែរត្រូវបានលោក គីម ជុងអ៊ុន ចាត់ទុកជាចំណុច «ស្លាប់ រស់» នៃរបបដឹកនាំរបស់លោក និងអនាគតគ្រួសារត្រកូលគីម។

*កូរ៉េខាងជើងជាប្រទេសមានហេតុផល

ថ្វីបើជាប្រទេសផ្ដាច់ការ តែពេលខ្លះកូរ៉េខាងជើងក៏មានហេតុផលត្រឹមត្រូវរបស់ខ្លួនដែរ។ សហរដ្ឋអាមេរិកបានបញ្ជាក់ម្ដងហើយម្ដងទៀតថា ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់ កូរ៉េខាងជើង គឺជាគោលដៅដ៏សំខាន់មួយមិនអាចខ្វះបាននៅក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើង។ ក៏ប៉ុន្តែ សម្រាប់ទីក្រុងព្យុងយ៉ាង, ឃា្លថារំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង របស់ កូរ៉េខាងជើង និងរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េមានន័យខុសគ្នាស្រឡះ។ ការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ត្រូវបានកូរ៉េខាងជើងបកស្រាយថាជាការរំសាយរាល់អាវុធនុយក្លេអ៊ែរ រួមទាំងប្រព័ន្ធមីស៊ីល, សព្វាវុធ និងកងទ័ពដែលអាមេរិកដាក់ពង្រាយលើឧបទ្វីបកូរ៉េ។ រីឯការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង មានន័យយ៉ាងសាមញ្ញថារំសាយតែអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង តែប៉ុណ្ណោះ។

ក្នុងន័យនេះ, កូរ៉េខាងជើងចង់បញ្ជាក់ថាបើខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរហើយ តែកងទ័ព និងប្រព័ន្ធមីស៊ីលរបស់សហរដ្ឋអាមេរិក នៅតែបន្តដាក់ពង្រាយដដែលនៅលើទឹកដី កូរ៉េខាងត្បូង នោះវានឹងក្លាយជាការគំរាមកំហែងធំបំផុតដល់របបដឹកនាំលោក គីម ជុងអ៊ុន។ មែនទែនទៅ, ទាំងអាមេរិក និងកូរ៉េខាងជើងសុទ្ធតែបានដាក់លក្ខខណ្ឌមិនអាចធ្វើបាន ឱ្យគ្នាទៅវិញទៅមក ដោយអាមេរិកមិនអាចដកបរិក្ខាយោធា និងកងទ័ពចេញពីកូរ៉េខាងត្បូងទេ ហើយប្រសិនបើអាមេរិកយល់ព្រម នោះកូរ៉េខាងជើងនឹងទាមទារបន្ថែមឱ្យអាមេរិក ដកកងទ័ពរបស់ខ្លួនចេញពីប្រទេសជប៉ុនផងដែរ។ មូលដ្ឋានទ័ពអាមេរិកនៅកូរ៉េខាងត្បូង និងជប៉ុន គឺជាប្រយោជន៍ភូមិសាស្ត្រនយោបាយដ៏ធំរបស់អាមេរិក ក្នុងការតាមឃ្លាំមើលសកម្មភាពយោធាចិន និងរុស្ស៊ី មិនមែនត្រឹមតែការពារកូរ៉េខាងត្បូង និងជប៉ុនពីការគំរាមកំហែងពីសំណាក់កូរ៉េខាងជើងប៉ុណ្ណោះទេ។

បើតាមក្រុមអ្នកវិភាគភាគច្រើន ទោះជាអាមេរិកព្រមថយមួយជំហាន ក៏មិនប្រាកដថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរនោះដែរ ហើយពួកគេនឹងបន្តអភិវឌ្ឍអាវុធ នេះឱ្យកាន់តែទំនើបរហូតធ្វើឱ្យរបបដឹកនាំលោក គីម ជុងអ៊ុនមានទំនុកចិត្តថាអាចកំញើញសហរដ្ឋអាមេរិក មិនឱ្យប្រើកម្លាំងយោធាប្រឆាំងនឹងខ្លួន។ អាវុធនុយក្លេអ៊ែរគឺជាចំណុច ស្លាប់រស់នៃរបបដឹកនាំគ្រួសារត្រកូល គីម បូករួមទាំងនៅក្នុងបរិបទដែលកងទ័ពអាមេរិក នៅតែបន្តឈរជើងនៅកូរ៉េខាងត្បូង និងជប៉ុន រួមទាំងការបង្កើនសកម្មភាពយោធា អាមេរិកនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងការអនុញ្ញាតឱ្យអូស្ត្រាលីផលិតនាវាមុជទឹកនុយក្លេអ៊ែរ នៅក្រោមយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់លោក ចូ បៃដិន, វានឹងកាន់តែធ្វើឱ្យលោក គីម យល់ថាមានអាវុធនុយក្លេអ៊ែរ ទើបអាចរក្សាអំណាចរបស់លោកបាន ហើយបញ្ចៀសកុំមានជោគវាសនាដូចអតីតមេដឹកនាំអ៉ីរ៉ាក់ សាដាំ ហូសេន ឬក៏អតីតមេដឹកនាំលីប៊ី មូអំាម៉ា ហ្កាដាហ្វី។

របបដឹកនាំសាដាំ ហូសេន បានដួលរលំ ហើយសាដំា ហូសេន ផ្ទាល់ត្រូវបានកាត់ទោសដោយព្យួរក បន្ទាប់ពីអាមេរិកឈ្លានពានចូលអ៉ីរ៉ាក់កាលពីឆ្នាំ២០០៣ ក្រោមហេតុផលថា អតីតមេដឹកនាំអីរ៉ាក់រូបនេះលួចកាន់កាប់អាវុធនុយក្លេអ៊ែរ។ មូអំាម៉ា ហ្កាដាហ្វី បានសម្រេចចិត្តបោះបង់ចោលការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការរួចផុតពីទណ្ឌកម្ម សេដ្ឋកិច្ចរបស់អាមេរិក។ នៅចុងបញ្ចប់, ហ្កាដាហ្វី ត្រូវបានក្រុមឧទ្ទាមគាំទ្រដោយអន្តរាគមន៍យោធារបស់អង្គការ NATO កាលពីឆ្នាំ២០១១ បាញ់សម្លាប់ចោល។

លើសពីនេះទៅទៅទៀត នៅពេលដែលអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) ផ្ដល់អនុសាសន៍កាលពីឆ្នាំ២០១៨ ឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ យកគំរូធ្វើអន្តរាគមន៍យោធានៅលីប៊ី ទៅអនុវត្តជាថ្មីលើកូរ៉េខាងជើង, វាកាន់តែធ្វើឱ្យទីក្រុងព្យុងយ៉ាងជឿជាក់ថាទាល់តែមានអាវុធនុយក្លេអ៊ែរ ដ៏ខ្លាំងក្លាអាចកំញើញអាមេរិក បាន ទើបអាចធានាបានថាកូរ៉េខាងជើងនឹងមិនមានវាសនាដូចលីប៊ី និងអ៉ីរ៉ាក់។

គួរបញ្ជាក់ថា សព្វថ្ងៃ កូរ៉េខាងជើងត្រូវបានគេជឿជាក់ថាកំពុងស្ដុកទុកក្បាលគ្រាប់នុយក្លេអ៊ែរពី ២៥ ទៅ ៥០គ្រាប់។ តែបើតាមវិទ្យាស្ថានអាមេរិក Rand Corporation កូរ៉េខាងជើងអាចនឹងផលិតបានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ២០០គ្រាប់ នៅត្រឹម ឆ្នាំ២០២៧ ដែលអាចនឹងធ្វើឱ្យប្រទេសឯកោមួយនេះក្លាយជា «រដ្ឋនុយក្លេអ៊ែរកម្រិតមធ្យម»

ប្រភព៖ Real Clear Politics (ថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១)