(ប៉េកាំង)៖ ប្រទេសចិនបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងៗជាថ្មីម្តងទៀតនៅថ្ងៃពុធ ទី១០ ខែវិច្ឆិកានេះ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសមាជិកសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ ខណៈដែលភាពតានតឹងរវាងទីក្រុងប៉េកាំង និងតៃប៉ិឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងការបរទេសរបស់តៃវ៉ាន់បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់ ដែលតាមពិតជាស្ថានទូតរបស់ទីក្រុងវ៉ាស៊ីនតោននៅលើកោះនេះ ដោយបានបន្ថែមថា ខ្លួននឹងផ្តល់ជំនួយផ្នែករដ្ឋបាលចាំបាច់នានា។

ទីក្រុងប៉េកាំងបានឆ្លើយតបបែបគំរាមថា «សកម្មភាពប្រថុយប្រថាន និងបង្កហេតុបែបនេះ» នឹងត្រូវបញ្ចប់ដោយការបរាជ័យ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ការរួមដៃជាមួយកងកម្លាំងឯករាជ្យតៃវ៉ាន់ គឺជាល្បែងដ៏គ្រោះថ្នាក់ ហើយការលេងជាមួយភ្លើងនឹងនាំឱ្យឆេះខ្លួនឯង»

គួរបញ្ជាក់ថា យោធាចិនបានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះ អំពីការរៀបចំកងកម្លាំងល្បាត ដើម្បីបង្កើនការត្រៀមលក្ខណៈទុកជាមុន នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ដំណើរទស្សនកិច្ចរបស់ប្រតិភូសភាអាមេរិក ដែលបានមកដល់ទីក្រុងតៃប៉ិ តាមរយៈយន្តហោះយោធាមួយគ្រឿង៕