(ប៉េកាំង)៖ អ្នកនាំពាក្យនៃការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ ចំណុះឱ្យក្រុមប្រឹក្សារដ្ឋចិន លោកស្រី ជូ ហ្វឹងលៀន (Zhu Fenglian) នៅថ្ងៃពុធនេះបាននិយាយថា ភាពតានតឹងនៅទូទាំងច្រកសមុទ្រកោះតៃវ៉ាន់ (Taiwan Strait) នឹងមិនអាចធូរស្រាលឡើយ រហូតទាល់តែសកម្មភាពទាមទារ «ឯករាជ្យភាពកោះតៃវ៉ាន់» ត្រូវបានបញ្ឈប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី Zhu Fenglian បានពណ៌នាថា ការចាត់ទុកកោះតៃវ៉ាន់ ជារដ្ឋពីរផ្សេងគ្នាពីប្រទេសចិន ដោយគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់កោះតៃវ៉ាន់ រួមទាំងការទាមទារឯករាជ្យភាពកោះតៃវ៉ាន់ និងការគប់គិតរបស់ពួកគេជាមួយកងកម្លាំងបរទេស គឺដើមហេតុដែលបង្កឱ្យមានភាពតានតឹង នៅទូទាំងតំបន់ច្រកសមុទ្រ។

លោកស្រី Zhu Fenglian បានបន្ថែមទៀតថា ការធ្វើសមយុទ្ធ និងការហ្វឹកហ្វឺននានា ដែលធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិន គឺមានបំណងដាក់គោលដៅទៅលើ សកម្មភាពបំបែកខ្លួនស្វែងរក «ឯករាជ្យភាពកោះតៃវ៉ាន់» និងការជ្រៀតជ្រែកពីកងកម្លាំងបរទេស។ បើតាមលោកស្រី Zhu Fenglian ការធ្វើសមយុទ្ធ និងការហ្វឹកហ្វឺនទាំងនេះ មានគោលបំណងការពារផលប្រយោជន៍រួមរបស់ប្រជាជាតិចិន និងផលប្រយោជន៍ភ្លាមៗរបស់ជនរួមជាតិទ្វេភាគីនៃច្រកសមុទ្រកោះតៃវ៉ាន់។

គួរបញ្ជាក់ថា យោធាចិនបានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះ អំពីការរៀបចំកងកម្លាំងល្បាត ដើម្បីបង្កើនការត្រៀមលក្ខណៈទុកជាមុន នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ដំណើរទស្សនកិច្ចរបស់ប្រតិភូសភាអាមេរិក ដែលបានមកដល់ទីក្រុងតៃប៉ិ តាមរយៈយន្តហោះយោធាមួយគ្រឿង។

អ្នកនាំពាក្យយោធាចិនមួយរូបបានថ្លែងថា ការល្បាតខាងលើនេះ គឺមានគោលដៅទៅលើ «សកម្មភាព និងពាក្យសម្តីខុសឆ្គងធ្ងន់ធ្ងរ» របស់ប្រទេសមួយចំនួន ដែលកំពុងចូលខ្លួនពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ និងគាំទ្រដល់កងកម្លាំងទាមទារឯករាជ្យ នៅលើកោះតៃវ៉ាន់។ ដោយឡែក ក្រសួងការបរទេសចិនកាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថ្កោលទោស ការធ្វើដំណើរមកដល់កោះតៃវ៉ាន់ ពីសំណាក់ប្រតិភូសភាអាមេរិក តាមរយៈយន្តហោះយោធាមួយគ្រឿង។ ទីក្រុងប៉េកាំងបានថ្លែងយ៉ាងដូច្នេះថា «យើងប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះទង្វើបែបនេះ៕