(ប៉េកាំង)៖ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ គឺជាខួប៦៨ឆ្នាំនៃទិវាឯករាជ្យជាតិរបស់ប្រទេសកម្ពុជា។ ថ្ងៃដដែលនោះ លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិតអបអរសាទរថ្វាយ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការអបអរសាទរ។

លោកXi Jinping បានថ្លែងថា «បច្ចុប្បន្ននេះ ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ របស់ប្រទេសកម្ពុជា ទទួលបានសមិទ្ធផលជាដំណាក់កាល ហើយជីវភាពរស់នៅនិងសេដ្ឋកិច្ច សង្គមរបស់កម្ពុជាបានវិលទៅរកប្រក្រតីភាពឡើងវិញជាបណ្តើរៗ។ ខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជានឹងយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងទាំងស្រុង និងទទួលបានសមិទ្ធផលកាន់តែច្រើន ក្នុងបុព្វហេតុកសាងជាតិ។ ខ្ញុំយកចិត្តទុកខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា ហើយខ្ញុំរីករាយរួមជាមួយកម្ពុជា ដើម្បីផ្សព្វផ្សាយពីចំណងមិត្តភាពប្រពៃណី ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តទៅវិញទៅមកជាយុទ្ធសាស្រ្ត និងកសាងយ៉ាងសកម្មនូវ សហគមន៍រួមវាសនារវាងចិននិងកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ដល់ ប្រទេសនិងប្រជាជនប្រទេសទាំងពីរ»

ប្រទេសចិននិងកម្ពុជាជាមិត្តដែកថែបជានិច្ច។ តាំងពីផ្ទុះជំងឺកូវីដ១៩មក រដ្ឋាភិបាលចិនសរុបបានបរិច្ចាគវ៉ាក់សាំងចំនួន៥.៨លានដូស ដល់ប្រទេសកម្ពុជា។ សហគ្រាសចិននិងខេត្ត-ទីក្រុងនានាក្នុងប្រទេសចិន ក៏បានបរិច្ចាគសម្ភារៈប្រឆាំងនឹងជំងឺឆ្លងមួយចំនួនធំ ដល់ប្រទេសកម្ពុជាផងដែរ។ តាមដំណឹងឱ្យដឹងថា ឱសថបុរាណចិន Lian Hua Qing Wen ត្រូវបានអនុម័តឱ្យនាំចូលក្នុងទីផ្សារកម្ពុជា ពីក្រសួងសុខាភិបាលកម្ពុជា កាលពីខែមេសា ឆ្នាំ២០២១ ហើយត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ ដោយក្រសួងសុខាភិបាល។ ក្រោយមក ឱសថបុរាណចិន Lian Hua Qing Wen ត្រូវបានជ្រើសរើសបញ្ចូលនៅក្នុងគម្រោងព្យាបាលតាមផ្ទះ សម្រាប់អ្នកឆ្លងជំងឺកូវីដ១៩ដែលចេញផ្សាយដោយក្រសួងសុខាភិបាលកម្ពុជា។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា ការប្រើប្រាស់រួមដោយគួបផ្សំគ្នា នៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងថ្នាំបុរាណចិន Lianhua Qingwen បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នៅកម្ពុជា អាការោគរបស់អ្នកឆ្លងជំងឺកូវីដ១៩ មានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស ដែលបានកាត់បន្ថយអត្រានៃករណីធ្ងន់ធ្ងរយ៉ាងច្រើន។

នៅពេលថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសទាំងពីរចិននិងកម្ពុជា បានចាប់ដៃគ្នាកសាងខ្សែការពារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលមិនអាចបំបែកបាន គឺជាគំរូដ៏ល្អមួយសម្រាប់សហគមន៍អន្តរជាតិ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រទេសចិននឹងបន្តជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទៀត ប្រសិនបើជំងឺកូវីដ១៩ មិនបញ្ចប់ទេ ជំនួយរបស់ចិនសម្រាប់កម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងមិនបញ្ឈប់ឡើយ។ ប្រទេសចិនក៏រីករាយរួមសហការជាមួយ ប្រជាជនកម្ពុជាដែលជាបងប្អូន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ ក្នុងន័យជួយកម្ពុជាស្តារសេដ្ឋកិច្ចឡើងវិញ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ដើម្បីធ្វើឱ្យមិត្តភាពរវាងចិននិងកម្ពុជារឹងជាងដែក និងមាំជាងដែកថែប។

កាលពីពេលថ្មីៗនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះតទៅ រាជរដ្ឋាភិបាលកម្ពុជានឹងលុបចោលវិធានការបិទខ្ចប់ជាបណ្តើរៗ និងស្តារផលិតកម្មឡើងវិញទាំងស្រុង។ នេះបានបញ្ជាក់ថា ប្រទេសចិននិងកម្ពុជាទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយកិច្ចសហប្រតិបត្តិការផ្តល់ ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យផ្សេងៗកំពុងដំណើរការយ៉ាងរលូន។

នៅក្នុងស្ថានការណ៍ដែលជំងឺកូវីដ១៩ នៅតែរីករាលដាលនៅលើពិភពលោក វ៉ាក់សាំងនិងឱសថបុរាណចិន Lian Hua Qing Wen គឺជាសក្ខីភាពនៃការអភិវឌ្ឍដោយមេត្រីភាព រវាងទំនាក់ទំនងចិននិងកម្ពុជា៕