(ញូដេលី)៖ ប្រទេសឥណ្ឌានៅថ្ងៃពុធនេះ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមួយ ដែលមានការអញ្ជើញចូលរួមដោយ ក្រុមមន្រ្តីសន្តិសុខជាន់ខ្ពស់មកពីប្រទេសរុស្ស៉ី អ៉ីរ៉ង់ និងប្រទេសអាស៉ីកណ្ដាលចំនួន ០៥ ទៀត ដើម្បីពិភាក្សាអំពីស្ថានភាពជារួម នៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលនៅជិតខាង បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាល ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងការវាយកាន់កាប់ប្រទេសនេះឡើងវិញ ដោយក្រុមតាលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅរសៀលថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក អាជីត ដូវ៉ាល់ (Ajit Doval) បានអញ្ជើញក្រុមមន្រ្តីសន្តិសុខជាន់ខ្ពស់មកពីប្រទេសអ៉ីរ៉ង់ (Iran), កាហ្សាក់ស្ថាន (Kazakhstan), កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan), រុស្ស៉ី (Russia), តាហ្ស៉ីគីស្ថាន (Tajikistan), តួកម៉េនីស្ថាន (Turkmenistan) និងអ៊ូសបេគីស្ថាន (Uzbekistan) ឱ្យចូលរួមក្នុងកិច្ចប្រជុំខាងលើ។
ប៉ុន្តែអ្នកតំណាងនៃប្រទេសអាហ្វហ្គានីស្ថាន មិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ ខណៈប្រទេសប៉ាគីស្ថានវិញ ក៏បានបដិសេធមិនចូលរួមផងដែរ ដោយទីប្រឹក្សាសន្តិសុខជាតិប៉ាគីស្ថាន លោក ម៉ូអ៊ីដ យូសឹហ្វ (Moeed Yusuf) កាលពីសប្តាហ៍មុនបានហៅឥណ្ឌាថាជា «អ្នកបំផ្លាញ» និងមិនមែនជា «អ្នកបង្កើតសន្តិភាព» នៅក្នុងប្រទេសអាហ្វហ្គានីស្ថានឡើយ។

លោក Ajit Doval បានថ្លែងនៅក្នុងការបើកសុន្ទរកថាមុនកិច្ចប្រជុំថា «នេះគឺជាពេលវេលាសម្រាប់ការពិគ្រោះយោបល់ យ៉ាងជិតស្និទ្ធក្នុងចំណោមពួកយើង ហើយខ្ញុំសង្ឃឹមថាការពិគ្រោះយោបល់នេះ នឹងជួយប្រជាជនអាហ្វហ្គានីស្ថាន និងបង្កើនការរក្សាសន្តិសុខក្នុងតំបន់»

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសឥណ្ឌា កិច្ចប្រជុំនេះនឹងដោះស្រាយ «រាល់បញ្ហាប្រឈមផ្នែកសន្តិសុខដែលពាក់ព័ន្ធ និងគាំទ្រប្រជាជនអាហ្វហ្គានីស្ថាន ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាព»។ ក្រុមមន្ត្រីសន្តិសុខជាន់ខ្ពស់ខាងលើក៏ត្រូវបានគេរំពឹងថា នឹងជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅថ្ងៃពុធនេះផងដែរ៕