(ហ្សាការតា)៖ សារព័ត៌មានចិន Global Times បានចុះផ្សាយនៅរសៀលថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ភ្លៀងធ្លាក់ពីរទៅបីថ្ងៃជាប់ៗគ្នា បានបង្កឲ្យផ្នែកជាច្រើននៃរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី លិចលង់ទៅក្នុងទឹកជំនន់ ហើយស្ថានការណ៍អាក្រក់បែបនេះ អាចនឹងបន្តប៉ុន្មានថ្ងៃទៅមុខទៀត។

អាជ្ញាធរឧតុនិយមឥណ្ឌូណេស៊ីបានប្រកាសថា គ្រោះទឹកជំនន់ខាងលើ បានកើតមានឡើងក្រោយពីប្រទេសអាស៊ានមួយនេះ ទទួលរងបាតុភូតអាកាសធាតុ ឡា នីណា (La Nina) ដែលជាការចល័តខ្យល់ក្តៅមកពីមហាសមុទ្រប៉ាស៊ីហ្វិក មកកាន់តំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះប្រទេសឥណ្ឌូណេស៊ីដែលសំបូរដោយដែនកោះ តែងតែទទួលរងឥទ្ធិពលនេះខ្លាំងក្លាជាងគេ។

គួរបញ្ជាក់ថា ពុំទាន់មានរបាយការណ៍អំពីមនុស្សរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិ នៅក្នុងគ្រោះទឹកជំនន់នៅទីក្រុងហ្សាការតានោះឡើយ ក្រៅពីតំបន់ប្រជុំជន អគារ និងលំនៅឋានរបស់ប្រជាជន ជាច្រើននៅជាប់តំបន់ឆ្នេរសមុទ្រ ត្រូវបានទឹកជនលិច។ ដោយឡែកកាលពីចុងសប្តាហ៍មុននេះ ទឹកជំនន់បានវាយប្រហារខេត្ត ជ្វាខាងកើត (East Java) របស់ប្រទេសឥណ្ឌូណេស៊ីដូចគ្នា និងបានបណ្តាលឲ្យមនុស្ស ៧នាក់ស្លាប់៕