(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានបង្ហាញឆន្ទៈថា ប្រទេសលោកត្រៀមលក្ខណៈរួចស្រេច ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នាផ្សេងៗ ជាមួយសហរដ្ឋអាមេរិក ស្របពេលដែលមានដំណឹងថា ជំនួបកំពូលមួយតាមប្រព័ន្ធវីដេអូ រវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរ អាចនឹងកើតមានឡើង នៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងសារលិខិតមួយ ដែលត្រូវបានអានដោយ អគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក ឈីន កាង (Qin Gang) នាឱកាសពិធីទទួលទានអាហារមួយ របស់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិន ដែលរៀបចំឡើងនៅរដ្ឋធានីវ៉ាស៉ីនតោន លោក ស៉ី ជីនពីង បាននិយាយថា ប្រទេសចិនត្រៀមខ្លួនរួចស្រេច ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា និងធ្វើកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ជុំវិញបញ្ហាថ្នាក់តំបន់និងថ្នាក់សកល។

គួរបញ្ជាក់ថា យោងតាមប្រភពពីមន្រ្តីសេតវិមានអាមេរិក ជំនួបកំពូលតាមប្រព័ន្ធវីដេអូមួយ ត្រូវបានគ្រោងធ្វើឡើងរវាង ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ដែលអាចនឹងប្រព្រឹត្តទៅ បើឆាប់បំផុត គឺនៅសប្តាហ៍ក្រោយនេះតែម្តង។ យ៉ាងណាមិញ អ្នកនាំពាក្យរបស់សេតវិមាន និងអ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅវ៉ាស៉ីនតោន បានបដិសេធសុំមិនធ្វើការបញ្ជាក់អ្វីឡើយ ជុំវិញកាលបរិច្ឆេទពិតប្រាកដ នៃជំនួបនេះ៕