(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអុ គីស៉ីដា (Fumio Kishida) នៅថ្ងៃពុធនេះ ត្រូវបានសភាតែងតាំងជានាយករដ្ឋមន្រ្តីដដែល បន្ទាប់ពីគណបក្សកាន់អំណាចជប៉ុន ទទួលបានជ័យជម្នះជាមួយសំឡេងគាំទ្រភាគច្រើន ក្នុងការបោះឆ្នោតសកល កាលពីចុងខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក គីស៉ីដា ត្រូវសភាជប៉ុនតែងតាំងជា នាយករដ្ឋមន្រ្តីជប៉ុនម្តងរួចមកហើយ កាលពីដើម ខែតុលា ដើម្បីបន្តវេនពីលោក យ៉ូស៉ីហ៉ីដេ ស៊ូហ្កា ដែលលាលែងពីតំណែង។ ប៉ុន្តែក្រោយមក លោក គីស៉ីដា បានស្នើឲ្យរៀបចំការបោះឆ្នោតសកលមុនអាណត្តិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែតុលាដដែល ហើយគណបក្សកាន់អំណាចរបស់លោក ឈ្នះបានអាសនៈចំនួន២៦១ ក្នុងចំណោមអាសនៈសរុបទាំង៤៦៥ នោក្នុងរដ្ឋសភាជប៉ុន។

គួរបញ្ជាក់ថា នៅល្ងាចឬយប់ថ្ងៃពុធនេះ លោក គីស៉ីដា នឹងប្រកាសពីសមាសភាពគណៈរដ្ឋមន្រ្តីរបស់លោក ជាថ្មីម្តងទៀត ហើយបង្ហាញពីផែនការស្តារសេដ្ឋកិច្ចជាតិ រួមជាមួយគោលនយោបាយសំខាន់ៗផ្សេងៗទៀត នៅក្នុងសន្និសីទសារព័ត៌មានមួយ៕