(ប៉េកាំង)៖ យោធាចិនបានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនបានរៀបចំកងកម្លាំងល្បាត ដើម្បីបង្កើនការត្រៀមលក្ខណៈទុកជាមុន នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ដំណើរទស្សនកិច្ចរបស់ប្រតិភូសភាអាមេរិក ដែលបានមកដល់ទីក្រុងតៃប៉ិ តាមរយៈយន្តហោះយោធាមួយគ្រឿង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នារសៀលថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

អ្នកនាំពាក្យយោធាចិនមួយរូបបានថ្លែងថា ការល្បាតខាងលើនេះ គឺមានគោលដៅទៅលើ «សកម្មភាព និងពាក្យសម្តីខុសឆ្គងធ្ងន់ធ្ងរ» របស់ប្រទេសមួយចំនួន ដែលកំពុងចូលខ្លួនពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ និងគាំទ្រដល់កងកម្លាំងទាមទារឯករាជ្យ នៅលើកោះតៃវ៉ាន់។ ដោយឡែក ក្រសួងការបរទេសចិនកាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថ្កោលទោស ការធ្វើដំណើរមកដល់កោះតៃវ៉ាន់ ពីសំណាក់ប្រតិភូសភាអាមេរិក តាមរយៈយន្តហោះយោធាមួយគ្រឿង។ ទីក្រុងប៉េកាំងបានថ្លែងយ៉ាងដូច្នេះថា «យើងប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះទង្វើបែបនេះ។

ឆ្លើយតបនឹងការព្រមាន និងថ្កោលទោសខាងលើនេះ មន្ទីរការពារជាតិអាមេរិកបញ្ចកោណ បានអះអាងថា «វាមិនមែនជារឿងចម្លែកអ្វីទេ ដែលគណៈប្រតិភូសភា (អាមេរិក) បានធ្វើដំណើរតាមរយៈយន្តហោះយោធានោះ»។ លោក ចន ឃើប៊ី (John Kirby) អ្នកនាំពាក្យមន្ទីរបញ្ចកោណ មិនបានផ្តល់ការបកស្រាយអ្វីលម្អិត ចំពោះដំណើរទស្សនកិច្ចនេះឡើយ ដោយលោកត្រឹមតែបកស្រាយថា «វាមិនមែនជារឿងអ្វី ដែលមិនធម្មតានោះឡើយ»

ដោយឡែកសម្រាប់ប្រភពពីយោធាតៃវ៉ាន់វិញបានឲ្យដឹងថា កាលពីថ្ងៃអង្គារម្សិលមិញនេះ យន្តហោះយោធាចិនចំនួន ០៦គ្រឿង បានចូលមកកាន់តំបន់ការពារដែនអាកាស ស្ថិតនៅភាគនិរតីរបស់កោះនេះ ក្នុងនោះរួមមានយន្តហោះចម្បាំង J-16 និងយន្តហោះឈ្លបយកការណ៍ចំនួន ០២គ្រឿង។

គួរបញ្ជាក់ថា យោងលើគោលនយោបាយចិនតែមួយ ដែលបណ្តាប្រទេសភាគច្រើនបំផុតលើពិភពលោក និងសូម្បីតែសហរដ្ឋអាមេរិកផ្ទាល់ ក៏បានទទួលស្គាល់រាប់ទសវត្សរ៍មកហើយដែរនោះ បានចែងយ៉ាងច្បាស់លាស់ថា «កោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ចិនប៉ុណ្ណោះ»។ ប្រទេសចិននៅតែអះអាងជានិច្ច អំពីចេតនាបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ដោយសន្តិវិធី ប៉ុន្តែនឹងមិនលើកលែងឲ្យជាដាច់ខាត ប្រសិនបើមានកម្លាំងពីខាងក្រៅមកជ្រៀតជ្រែក ចង់បំបែកតៃវ៉ាន់ចេញពីចិន ឬមួយក៏កោះតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យនោះ៕