(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងអំពី «ការមិនកែប្រែចំនួនបី» នៅពេលអញ្ជើញចូលរួមពិធីសម្ពោធបើកនៃពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី៤ និងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ ពោលគឺ «ការប្តេជ្ញាចិត្តរបស់ចិនក្នុងការពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់នឹងមិនកែប្រែ ការប្តេជ្ញាចិត្តក្នុងការចែក រំលែកឱកាសអភិវឌ្ឍន៍ជាមួយពិភពលោកនឹងមិនកែប្រែ និងការប្តេជ្ញាចិត្តក្នុងការជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចឱ្យអភិវឌ្ឍទៅកាន់ទិសដៅកាន់តែបើកទូលាយ មានបរិយាប័ន្ន ផ្តល់ផលប្រយោជន៍ជាទូទៅ មានតុល្យភាពនិងឈ្នះ-ឈ្នះ»

ការប្រកាសទាំងនេះគឺជាសំឡេងពិព័រណ៍នាំចូលចិនអន្តរជាតិដែលសហគ្រាសទូទាំងពិភពលោករំពឹងទុកបំផុត។ ការបើកទូលាយជាសញ្ញាកត់សម្គាល់ដ៏ច្បាស់លាស់ របស់ប្រទេសចិននាពេលបច្ចុប្បន្ន។ ជាពិសេស បន្ទាប់ពីបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោករយៈពេល ២០ឆ្នាំមក ប្រទេសចិនបានអនុវត្តតាមពាក្យសន្យាដែល ខ្លួនបានធ្វើក្នុងពេលចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកដោយគ្រប់ជ្រុងជ្រោយ ពង្រីកការបើកទូលាយឥតឈប់ឈរ ដើម្បីធ្វើឱ្យប្រទេសខ្លួនទទួលបានការអភិវឌ្ឍ យ៉ាងខ្លាំង ហើយក៏បានផ្តល់កម្លាំងចលករដល់សេដ្ឋកិច្ចពិភពលោកផងដែរ។

នៅពេលអនាគត ប្រទេសចិននឹង «គាំពារពហុភាគីនិយមដ៏ពិតប្រាកដយ៉ាងមុតមាំមិនងាករេ» «ចែករំលែកឱកាសទីផ្សារជាមួយពិភពលោកយ៉ាងមុតមាំមិនងាករេ» «ជំរុញ ការបើកទូលាយប្រកបដោយកម្រិតខ្ពស់យ៉ាងមុតមាំមិនងាករេ» និង «គាំពារផលប្រយោជន៍រួមនៃពិភពលោកយ៉ាងមុតមាំមិនងាករេ» ការបង្ហាញអាកប្បកិរិយាបួនចំណុចនេះ របស់លោកប្រធានរដ្ឋចិន Xi Jinping បានឆ្លុះបញ្ចាំងនូវកូដសម្ងាត់នៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់សេដ្ឋកិច្ចចិនក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅ វាហាក់ដូចជាផ្តល់ភាព កក់ក្តៅ ក្នុងថ្ងៃរងាដល់សេដ្ឋកិច្ចពិភពលោកដែលប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ ភាគីចិនប្រកាសថា នឹងបន្តពង្រីកការបើកទូលាយ ក្នុងនោះបូករួមទាំងការកាត់បន្ថយបញ្ជីអវិជ្ជមាននៃការអនុញ្ញាតឱ្យទុនបរទេស ចូលទីផ្សារចិន កែវិសោធនកម្ម «មាតិកាឧស្សាហកម្មដែលលើកទឹកចិត្តការវិនិយោគទុនបរទេស» និងដាក់ចេញបញ្ជីអវិជ្ជមានអំពីពាណិជ្ជកម្មសេវាកម្មឆ្លងដែននៃតំបន់ពិសោធន៍ ផ្នែកពាណិជ្ជកម្មសេរីជាដើម។ ក្រៅពីនេះ ប្រទេសចិននៅបានសន្យាថា នឹងចូលរួមយ៉ាងស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិដូចជាការអភិវឌ្ឍបៃតង និងកាបូនទាបក៏ដូចជា សេដ្ឋកិច្ចឌីជីថលជាដើម សកម្មជំរុញការចូលរួម «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក គ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាព» និង «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ចឌីជីថល»

វិធានការពង្រីកការបើកទូលាយមួយចំនួននេះបានបង្ហាញថា ចិនបានអនុវត្តជាក់ស្តែងជាប់រហូតមកក្នុងការចែករំលែកផលប្រយោជន៍អភិវឌ្ឍន៍ជាមួយពិភពលោក។ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ បាន និងកំពុងប៉ះពាល់ដល់ទូទាំងពិភពលោក សេដ្ឋកិច្ចពិភពលោកបានស្តារឡើងវិញយ៉ាងលំបាកលំបិន។ បើនិយាយចំពោះប្រទេសចិន ការដើរតាមផ្លូវបើកទូលាយ នេះគឺត្រឹមត្រូវ ហើយក៏មុខជានឹងដើរតាមផ្លូវនេះជានិច្ចជាមិនខាន ក្នុងន័យរួមជាមួយពិភពលោកដើម្បីពុះពារឧបសគ្គនិងទទួលការអភិវឌ្ឍជាមួយគ្នា៕