(ញូយ៉ក)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer-BioNTech បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ពួកគេបានស្នើឲ្យរដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក ឲ្យអនុម័តការប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» សម្រាប់មនុស្សពេញវ័យទាំងអស់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នោះទើបអត្រានៃការចាក់វ៉ាក់សាំងដូសទី ៣ នេះកើនឡើងខ្ពស់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមសារព័ត៌មានអាមេរិក The Hill ការបោះជំហានរបស់ក្រុមហ៊ុន Pfizer ខាងលើនេះបានកើតឡើង ជាផ្នែកមួយនៃការជជែកដេញដោលជាយូរមកហើយ ក្នុងចំណោមអ្នកជំនាញ ទៅលើក្រុមអាយុដែលគួរតែមានសិទ្ធិ ទទួលបានការចាក់វ៉ាក់សាំង «ដូសជំរុញ» នេះ។ ក្រុមប្រឹក្សាយោបល់របស់ FDA បានបោះឆ្នោតប្រឆាំងនឹងពាក្យស្នើសុំ សម្រាប់ការចាក់ដូសជំរុញដល់មនុស្សពេញវ័យទាំងអស់ កាលពីខែកញ្ញា ដែលត្រូវបានគេមើលឃើញថា ជាការ «ប៉ះទង្គិច» ដល់ការប្រកាសទុកមុនរបស់រដ្ឋបាល លោក ចូ បៃដិន អំពីផែនការជំរុញការចាក់វ៉ាក់សាំង ឲ្យបានកាន់តែទូលំទូលាយនោះ។

បច្ចុប្បន្នវ៉ាក់សាំង Pfizer-BioNTech និង Moderna ត្រូវបានអនុម័តឲ្យចាក់ដូសជំរុញ សម្រាប់មនុស្សមានន័យ ៦៥ឆ្នាំឡើងទៅប៉ុណ្ណោះ បន្ទាប់ពីពួកគេបានចាក់ដូសទី ២ រួចរយៈពេល ៦ខែ។ ការចាក់ត្រូវតែផ្តោតជាសំខាន់ ទៅលើក្រុមមនុស្សដែលមានជំងឺប្រចាំកាយរុំារ៉ៃដូចជា ទឹកនោមផ្អែម, តម្រងនោម ឬស្ត្រីមានផ្ទៃពោះជាដើម។ បន្ថែមពីនេះ អ្នកបម្រើការងារដែលប្រឈមនឹងការឆ្លង COVID-19 ក្នុងកម្រិតខ្ពស់ ក៏អាចទទួលការចាក់ដូសជំរុញនេះផងដែរ នៅទូទាំងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ក្រុមហ៊ុន Pfizer-BioNTech បានបញ្ជូនលិខិតស្នើសុំទៅកាន់អាជ្ញាធរ FDA ដោយភ្ជាប់ជាមួយនូវលទ្ធផល នៃការធ្វើតេស្តដំណាក់កាលទី ៣ ដែលមានអ្នកចូលរួមជាង ១០,០០០នាក់។ នៅក្នុងលទ្ធផលនោះបានបង្ហាញថា វ៉ាក់សាំងដូសជំរុញ (ដូសទី៣) មានប្រសិទ្ធភាព ៩៥% ប្រឆាំងនឹងរោគសញ្ញានៃជំងឺ COVID-19 បើធៀបនឹងការចាក់ ២ដូសមុន ក្នុងអំលុងពេលដែលវីរុសបំប្លែងខ្លួន Delta កំពុងរាតត្បាតខ្លាំង។

បើតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន CNN ការស្នើសុំរបស់ Pfizer-BioNTech ខាងលើនេះ បានកើតមានឡើងបន្ទាប់ពី ក្រុមមន្ត្រីរដ្ឋាភិបាលសហព័ន្ធ បានបង្ហាញក្តីព្រួយបារម្ភយ៉ាងពិតប្រាកដរបស់ពួកគេ ចំពោះការធ្លាក់ចុះនៃប្រព័ន្ធភាពសុំាសហគមន៍ ខណៈដែលសហរដ្ឋអាមេរិកកំពុងឈានជើងចូលរដូវរងា ដែលនឹងអូសបន្លាយជាច្រើនសប្តាហ៍៕