(មូស្គូ)៖ ប្រទេសរុស្ស៊ីនៅថ្ងៃអង្គារ ទី៩ វិច្ឆិកានេះ បានរាយការណ៍ពីការរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ១៩រហូតដល់ ១,២១១នាក់ក្នុងមួយថ្ងៃ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបំបែកកំណត់ត្រាថ្មីប្រចាំថ្ងៃនេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវិធានការបិទកន្លែងធ្វើការនៅទូទាំងប្រទេស ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនៃករណីឆ្លងកូវីដ១៩ ត្រូវបានលើកចេញ។

អាជ្ញាធរសុខាភិបាលរុស្ស៊ីក៏បានរាយការណ៍ផងដែរនូវករណីឆ្លងថ្មីចំនួន ៣៩,១៦០ករណី នៅទូទាំងប្រទេសក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ពោលគឺធ្លាក់ចុះបន្តិច បើធៀបនឹងចំនួន៤១,៣៣៥ករណីដែលបានរាយការណ៍កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ៕