(ម៉ានីល)៖ កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) គឺលោកស្រី សារ៉ា ឌូតឺតេ-ខាពីយ៉ូ (Sara Duterte-Carpio) នៅថ្ងៃអង្គារនេះ បានដកខ្លួនចេញពីការប្រកួតប្រជែងយកតំណែងជាអភិបាលក្រុង Davao អណត្តិក្រោយហើយ សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃផុតកំណត់នៃការចុះឈ្មោះជាបេក្ខជន ប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី Sara Duterte-Carpio បាននិយាយថា «រសៀលនេះ ខ្ញុំកំពុងដកខ្លួនចេញពីបេក្ខជនអភិបាលក្រុង Davao» ហើយប្អូនប្រុសរបស់លោកស្រី គឺលោក Sebastian ដែលជាអភិបាលរងនឹងឈរឈ្មោះជំនួសវិញ។

លោកស្រី Sara Duterte-Carpio មិនបានបង្ហើបពីមូលហេតុដែលលោកស្រី ដកខ្លួនចេញពីការប្រកួតប្រជែងយកតំណែងជាអភិបាលក្រុងអណត្តិក្រោយនោះទេ ប៉ុន្តែបានប្រាប់អ្នក គាំទ្រនៅលើគណនីបណ្ដាញសង្គម Facebook របស់លោកស្រីថានឹងផ្ដល់ព័ត៌មានលម្អិតនៅពេលក្រោយ។ ស្ត្រីវ័យ ៤៣ឆ្នាំរូបនេះ បានទទួលការគាំទ្រខ្ពស់នៅក្នុងការស្ទង់មតិពេញ មួយឆ្នាំនេះជាបេក្ខជនប្រធានាធិបតី ប៉ុន្តែគាត់ធ្លាប់បានអះអាងថាគាត់មិនចង់ក្លាយជាប្រធានាធិបតីឡើយ។

គួរបញ្ជាក់ថា ហ្វីលីពីននឹងរៀបចំការបោះឆ្នោតសកលនៅ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ សម្រាប់តំណែងចាប់ពីកម្រិតប្រធានាធិបតី រហូតដល់អភិបាលក្រុង និងមន្ត្រីក្នុងតំបន់។ ការចុះឈ្នោះជាបេក្ខជននឹងផុតកំណត់នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ៕