(ប៉េកាំង)៖ កិច្ចប្រជុំពេញអង្គលើកទី ៦ របស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណតិ្តទី ១៩ កំពុងបើកធ្វើនៅទីក្រុងប៉េកាំង ពីថ្ងៃទី៨ ដល់ទី១១ ខែវិច្ឆិកា។ ក្នុងឱកាសខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន សហគមន៍អន្តរជាតិបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកិច្ចប្រជុំនេះ ក្នុងនោះ «ការចាប់ដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដោយមានទំនួលខុសត្រូវខ្ពស់របស់ចិន» ត្រូវបានសហគមន៍អន្តរជាតិ កោតសរសើរយ៉ាងខ្លាំងដូចខាងក្រោម៖

«ថ្ងៃនោះពិតជាខណៈពេលលដ៏គួរឱ្យរំភើបខ្លាំង»។ បុគ្គលិកក្រុមហ៊ុន Pharmaniaga ដែលជាសហគ្រាសផលិតឱសថរបស់ប្រទេសម៉ាឡេស៊ី បានចាប់អារម្មណ៍បែបនេះ នៅពេលលោកនឹកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលវត្ថុធាតុដើមនៃវ៉ាក់សាំងការពារកូវីដ១៩ នៃក្រុមហ៊ុន Sinovac បានត្រូវដឹកជញ្ជូនពីចិនទៅដល់ ព្រលានយន្តហោះអន្តរជាតិក្រុងកូឡាឡាំពួរ ។

សូមបញ្ជាក់ថា បូករួមទាំងប្រទេសម៉ាឡេស៊ីផង ប្រទេសចិនកំពុងសហការជាមួយប្រទេសចំនួន ១៦ ដើម្បីផលិតវ៉ាក់សាំង ដែលតាមការប៉ាន់ប្រមាណ គឺមានសមត្ថភាពផលិតវ៉ាក់សាំងចំនួន ៧០០លានដូសក្នុងមួយឆ្នាំ។ ក្រៅពីនេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងចំនួនលើសពី ១,៦០០លានដូស ចំពោះប្រទេស និងអង្គការអន្តរជាតិចំនួនជាង ១០០ ពេញមួយឆ្នាំ២០២១ ចិននឹងផ្តល់វ៉ាក់សាំងសរុបលើសពី ២,០០០លានដូសចំពោះអន្តរជាតិ ដែលជាប្រទេសផ្តត់ផ្គង់វ៉ាក់សាំងច្រើនបំផុតលើលោក។ លើសពីនេះទៀត ប្រទេសចិនបានរួមសហការជាមួយប្រទេសចំនួន ៣០ ដើម្បីលើកឡើងការផ្តួចផ្តើម អំពីការបង្កើតទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការវ៉ាក់សាំងនៃតំបន់ខ្សែក្រវាត់ និងផ្លូវ ដើម្បីអំពាវនាវឱ្យសហគមន៍អន្តរជាតិ រួមគ្នាជំរុញការចែករំលែកវ៉ាក់សាំង ជាសកលប្រកបដោយយុត្តិធម៌។

ប្រទេសចិនបាននិងកំពុងខិតខំធ្វើកិច្ចសហប្រតិបត្តិការ ប្រយុទ្ធនឹងជំងឺឆ្លងជាមួយបណ្តាប្រទេសនានា ដោយប្រកាន់ខ្ជាប់ទស្សនៈបង្កើត សហគមន៍រួមវាសនាសុខាភិបាលមនុស្សជាតិ។ បន្ទាប់ពីបានគ្រប់គ្រងសភាពការណ៍រាតត្បាតនៃជំងឺឆ្លង ចិនបានស្តារសេដ្ឋកិច្ចឡើងវិញមុនគេលើលោក ដែលបានបញ្ចូលកម្លាំងចលករដល់សេដ្ឋកិច្ចពិភពលោកផង ថែមទាំងជាការគាំទ្រ និងការធានាដ៏សំខាន់សម្រាប់បណ្តាប្រទេស ទទួលបានសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផង។

ក្នុងគ្រាអាសន្នទើបបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវដ៏ពិតប្រាកដ។ សម្តេចតេជោ ហ៊ុន ស៊ែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិបាលចិន និងប្រជាជនចិនបានចូលរួមយ៉ាងសកម្ម និងដើរតួនាទីឈានមុខក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងជាសកល ដែលបានរួមចំណែកជាកម្លាំងដល់ពិភពលោកទាំងមូល៕