(តៃប៉ិ)៖ អាជ្ញាធរកោះតៃវ៉ាន់ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា កងកម្លាំងយោធាចិនមានសមត្ថភាព បិទខ្ទប់កំពង់ផែ និងព្រលានយន្តហោះ សំខាន់ៗរបស់ខ្លួនបាន ដែលវាគឺជាការវាយតម្លៃថ្មីចុងក្រោយមួយទៀតរបស់ដែនកោះនេះ ដែលត្រូវទីក្រុងប៉េកាំងចាត់ទុក ត្រឹមតែជាខេត្តមួយរបស់ប្រទេសចិនប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

កោះតៃវ៉ាន់បានអះអាងយ៉ាងដូច្នេះថា «សព្វថ្ងៃនេះ យោធាចិនអាចធ្វើសកម្មភាពបិទខ្ទប់ប្រឆាំងនឹង កំពង់ផែ ព្រលានយន្តហោះ និងផ្លូវហោះហើរសំខាន់ៗរបស់យើង ដើម្បីកាត់បន្ថយបណ្តាញទំនាក់ទំនងតាមផ្លូវទឹក និងផ្លូវអាកាស ហើយបង្កការប៉ះពាល់ដល់លំហូរនៃ សម្ភារៈផ្គត់ផ្គង់ និងធនធានផ្នែកឡូជីស្ទីករបស់យោធាយើង»

ប្រទេសចិនកន្លងមកនេះ មិនដែលនិយាយពីការបោះបង់ចោលនូវ ជម្រើសប្រើប្រាស់កម្លាំងបាយ ដើម្បីដណ្តើមគ្រប់គ្រងតៃវ៉ាន់នោះទេ ហើយបាននិងកំពុងបន្ត បង្កើនសកម្មភាពកាន់តែញឹកញាប់ឡើង នៅក្បែរៗដែនកោះនេះ ជាពិសេសតាមរយៈការចល័ត យន្តហោះយោធាទាំងក្រុមៗ ឲ្យទន្ទ្រានចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បាននិយាយថា តៃវ៉ាន់គឺជាប្រទេសឯករាជ្យមួយរួចទៅហើយ ទោះពុំមានការទទួលស្គាល់ពីអន្តរជាតិក៏ដោយ ហើយលោកស្រីប្តេជ្ញាថា នឹងតស៊ូការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់។ លោកស្រី ត្សៃ បានយកការពង្រឹងវិស័យការពារជាតិតៃវ៉ាន់ជា អាទិភាពចម្បងបំផុត ដោយសន្យាថានឹងអភិវឌ្ឍសព្វាវុធថ្មីៗ រួមមានទាំងនាវាមុជទឹក ហើយនឹងទិញបរិក្ខាយោធា និងសព្វាវុធបន្ថែមទៀត ពីសហរដ្ឋអាមេរិក ដែលជាបង្អែកក្រោយខ្នងធំបំផុតរបស់តៃវ៉ាន់ នៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា យោងលើគោលនយោបាយចិនតែមួយ ដែលបណ្តាប្រទេសភាគច្រើនបំផុតលើពិភពលោក និងសូម្បីតែសហរដ្ឋអាមេរិកផ្ទាល់ ក៏បានទទួលស្គាល់រាប់ទសវត្សរ៍មកហើយដែរនេះ បានចែងយ៉ាងច្បាស់លាស់ថា «កោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ចិនប៉ុណ្ណោះ»។ ប្រទេសចិននៅតែអះអាងជានិច្ច អំពីចេតនាបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ដោយសន្តិវិធី ប៉ុន្តែនឹងមិនលើកលែងឲ្យជាដាច់ខាត ប្រសិនបើមានកម្លាំងពីខាងក្រៅមកជ្រៀតជ្រែក ចង់បំបែកតៃវ៉ាន់ចេញពីចិន ឬមួយក៏កោះតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យនោះ៕