(វៀងច័ន្ទ)៖ ប្រទេសឡាវនៅតែបន្តមើលឃើញ ស្ថានភាពធ្ងន់ធ្ងរនៃការឆ្លងរាតត្បាតជំងឺ COVID-19 ក្នុងប្រទេស សម្រាប់រយៈពេលជាងមួយសប្តាហ៍មកហើយ ខណៈនៅថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ករណីឆ្លងថ្មីៗសរុប ១,០៤៩នាក់ទៀត ត្រូវបានប្រកាសរកឃើញបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

លោក រតនាសាយ ផេតសួវ៉ាន់ (Rattanaxay Phetsouvanh) អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង នៃក្រសួងសុខាភិបាលឡាវ បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន នៅរដ្ឋធានីវៀងច័ន្ទក្នុងថ្ងៃអង្គារនេះថា ករណីវិជ្ជមាន COVID-19 ទាំង ១,០៤៩នាក់ខាងលើនេះ គឺត្រូវបានរកឃើញក្រោយពីការធ្វើតេស្ត លើមនុស្សសរុប ៧,១០៧នាក់ ក្នុងរយៈពេល ២៤ម៉ោង។

គួរបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ទីក្រុងវៀងច័ន្ទរ៉ាប់រងច្រើនជាងគេរហូតដល់ ៥១២ករណី, បន្ទាប់មកគឺទីក្រុង លួង ប្រាបាង (Luang Prabang) ១៣៧ករណី និង ខេត្តវៀងច័ន្ទ ៨៦ករណី។ ដោយឡែកសម្រាប់ករណីនាំចូលមានចំនួន ០៤នាក់ និងអ្នកជំងឺ ០៣នាក់ទៀតបានបាត់បង់ជីវិត។

គិតត្រឹមពេលនេះ ប្រទេសឡាវមានករណីឆ្លងជំងឺ COVID-19 សរុប ៤៨,៣៩១ករណី ក្នុងនោះស្លាប់ ៨៩នាក់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ ហាក់ដូចជាមិនទាន់មានតួលេខច្បាស់លាស់នោះឡើយ។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ឡាវសម្រេចបាន ៦.០៣លានដូស ក្នុងនោះប្រជាជន ២.៧៨លាននាក់ (៣៨.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕