(ស៊ីដនី)៖ អាជ្ញាធរនៃរដ្ឋ ញូ សោត វែលស៍ (New South Wales) នៃប្រទេសអូស្រ្តាលី បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មួយថា អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការ COVID-19 នឹងប្រឈមមុខ

នឹងអត្រាចូលសម្រាកក្នុងបន្ទប់សង្រ្គោះបន្ទាន់ ឬក៏ស្លាប់រហូតដល់ ១៦ដង លើសអ្នកដែលបានចាក់វ៉ាក់សាំងបង្ការគ្រប់ដូស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

របាយការណ៍ខាងលើដែលចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយអាជ្ញាធរសុខាភិបាលនៃរដ្ឋ New South Wales បានបង្ហាញថា នៅក្នុងចំណោមអ្នកដែលបានស្លាប់ ដោយសារវីរុសបំប្លែងខ្លួន Delta ចំនួន ៤១២នាក់ គិតត្រឹមរយៈពេល ០៤ខែ រហូតដល់ដើមខែតុលាកន្លងទៅនេះ មានអ្នកចាក់វ៉ាក់សាំងគ្រប់ដូស ឬ ២ដូស ត្រឹមតែ ១១ភាគរយប៉ុណ្ណោះ ហើយក្នុងចំណោមអ្នកស្លាប់ទាំងនេះទៀតសោត គឺជាមនុស្សចាស់មានអាយុជាមធ្យម ៨២ឆ្នាំ។

បន្ថែមពីលើនេះ មានតែ ៣ភាគរយប៉ុណ្ណោះ នៃអ្នកជំងឺចូលសម្រាកក្នុងបន្ទប់សង្រ្គោះបន្ទាន់ ដែលជាអ្នកបានចាក់វ៉ាក់សាំង ២ដូស ខណៈច្រើនជាង ៦៣ភាគរយនៃករណីឆ្លង ៦១,៨០០ករណីនៅចន្លោះពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី០៧ ខែតុលាកន្លងទៅនេះ សុទ្ធតែជាមនុស្សមិនបានចាក់វ៉ាក់សាំងបង្ការ។

គួរបញ្ជាក់ថា រដ្ឋ New South Wales ដែលរងគ្រោះធ្ងន់ធ្ងរច្រើនជាងគេ ដោយសារវីរុស COVID-19 បំប្លែងខ្លួន Delta បានចាប់ផ្ដើមបន្ធូរបន្ថយវិធានការរឹតត្បិតហើយ បន្ទាប់ពីសម្រេចបាន នូវអត្រាចាក់វ៉ាក់សាំង ៨០ភាគរយនៃប្រជាជនរបស់ខ្លួន តាមគោលដៅកំណត់។ តែយ៉ាងណាក៏ដោយ អាជ្ញាធរក្នុងរដ្ឋនេះនៅតែលើកទឹកចិត្តឱ្យអ្នកដែលមិនទាន់បានចាក់ វ៉ាក់សាំងបង្ការរួសរាន់ទៅចាក់វ៉ាក់សាំង៕