(យូអិន)៖ ប្រមុខកិច្ចការមនុស្សធម៌របស់ អង្គការសហប្រជាជាតិ (UN) លោក ម៉ាទីន ហ្គ្រីហ្វហ្វីស (Martin Griffiths) នៅថ្ងៃចន្ទសប្ដាហ៍នេះបានព្រមានថា ស្ថានភាពមនុស្សធម៌ក្នុងប្រទេសមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនឡើងហើយ ជាមួយនឹងមនុស្សជាង ៣លាននាក់ដែលកំពុងត្រូវការជំនួយសង្គ្រោះជីវិត ដោយសារជម្លោះបានកើនឡើង ហើយសេដ្ឋកិច្ចក៏កំពុងប្រឈមមុខការដួលរលំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានសម្រេចបើកកិច្ចប្រជុំ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ (ពេលវេលានៅញូយ៉ក) ដើម្បីពិភាក្សាពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។ កិច្ចប្រជុំនេះធ្វើឡើងស្របពេលនឹងខួបឆ្នាំទី ១ នៃការជាប់ឆ្នោតជាថ្មីរបស់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) ដែលក្រោយមកត្រូវបានយោធា ធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

ឯកអគ្គរដ្ឋទូតរងនៃចក្រភពអង់គ្លេសប្រចាំ UN លោក ចេមស័ ការូគិ (James Kariuki) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ចក្រភពអង់គ្លេសបានស្នើសុំឱ្យបើកកិច្ចប្រជុំ UNSC នេះឡើង ពីព្រោះយើងមានការព្រួយបារម្ភ ជាពិសេសចំពោះការបង្កើនសកម្មភាពយោធា នៅភាគពាយ័ព្យនៃប្រទេសមីយ៉ាន់ម៉ា ហើយយើងមានការព្រួយបារម្ភថា នេះជាការឆ្លុះបញ្ចាំងពីសកម្មភាពដែលយើងបានឃើញ កាលពី ០៤ឆ្នាំមុន ដែលអំពើឃោរឃៅត្រូវបានប្រព្រឹត្តនៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ប្រឆាំងនឹងជនជាតិភាគតិចម៉ូស្លីម រ៉ូហ៉ីងយ៉ាង (Rohingya)។

លោក Martin Griffiths ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា ស្ថានការណ៍នៅភាគពាយ័ព្យនៃប្រទេសមីយ៉ាន់ម៉ា បានក្លាយទៅជា «ស្ថានភាពដ៏គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង» ខណៈការប្រយុទ្ធគ្នាកាន់តែកើនឡើង រវាងយោធាមីយ៉ាន់ម៉ាជាមួយកងកម្លាំងការពារជាតិ ឈីនលែន (Chinland) ក្នុងរដ្ឋ ឈីន Chin, និងរវាងយោធាមីយ៉ាន់ម៉ា ជាមួយកងកម្លាំងការពារជាតិរបស់ប្រជាជនក្នុងតំបន់ ម៉េកវ៉ាយ (Magway) និង សាហ្គេង (Sagaing)។

គួរបញ្ជាក់តាមរបាយការណ៍របស់ UN ថា មនុស្សជាង ៣៧,០០០នាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបានផ្លាស់ទីលំនៅថ្មី ហើយផ្ទះសម្បែងជាង ១៦០ខ្នងត្រូវបានដុតបំផ្លាញ ក្នុងនោះរួមមានទាំងព្រះវិហារ និងការិយាល័យរបស់អង្គការមនុស្សធម៌ផងដែរ។ ការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងបុគ្គលិកមនុស្សធម៌ ត្រូវបានហាមឃាត់ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ ដូច្នេះ UN ជំរុញឲ្យគ្រប់ភាគីនៅមីយ៉ាន់ម៉ា បញ្ឈប់ទង្វើទាំងអស់នេះជាបន្ទាន់៕