(ដាម៉ាស់)៖ ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសស៊ីរី កាលយប់ថ្ងៃចន្ទ បានធ្វើការបាញ់កម្ទេចគ្រាប់មីស៊ីលរបស់អ៊ីស្រាអែល ដែលហោះសំដៅទៅរកតំបន់ឆ្នេរសមុទ្រ និងខេត្ត ហូមស៍ (Homs) ស្ថិតនៅភាគកណ្តាប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ការវាយប្រហារពីសំណាក់អ៊ីស្រាអែល ទៅលើទីតាំងស្ថិតនៅក្បែរតំបន់រដ្ឋបាល តាតឹស (Tartus) ខាងលើនេះ ក៏បានបង្កការបំផ្លិចបំផ្លាញមួយចំនួន និងទាហានស៊ីរី ០២នាក់ទទួលរងរបួសផងដែរ។ ប្រជាជនក្នុងតំបន់បានឮសំឡេងផ្ទុះ យ៉ាងកក្រើកជាបន្តបន្ទាប់ នៅពេលដែលប្រព័ន្ធការពារដែនអាកាសស៊ីរី កំពុងធ្វើការឆ្លើយតបចំពោះ គ្រាប់មីស៊ីលអ៊ីស្រាអែល។

គួរបញ្ជាក់តាមសារព័ត៌មានរដ្ឋស៊ីរី សាណា (SANA) ឲ្យដឹងទៀតថា ប្រព័ន្ធការពារដែនអាកាសស៊ីរី បានបាញ់កម្ទេចគ្រាប់មីស៊ីលអ៊ីស្រាអែល ស្ទើរតែទាំងអស់ ដែលត្រូវបានបាញ់ចេញពីដែនអាកាសរបស់លីបង់។ នេះជាការវាយប្រហារលើកចុងក្រោយហើយ ពីសំណាក់អ៊ីស្រាអែលមកលើស៊ីរី ដោយអ៊ីស្រាអែលតែងតែអះអាងថា ការវាយប្រហាររបៀបៗនេះ គឺមានគោលដៅកម្ទេចកងទ័ពលាក់ខ្លួនរបស់អ៊ីរ៉ង់ ឬទីតាំងលាក់សព្វាវុធរបស់ស៊ីរី ដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខអ៊ីស្រាអែល៕