(វ៉ាស៊ីនតោន)៖ នៅក្នុងបរិបទនៃការប្រជែងឥទ្ធិពលគ្នាកាន់តែខ្លាំង ក្រុមអ្នកជំនាញយោធាភាគច្រើន ជឿជាក់ថាតៃវ៉ាន់អាចនឹងក្លាយជាសមរភូមិបង្ហូរឈាមរវាងចិន និងអាមេរិក នៅពេលអនាគត ពីព្រោះថាទាំងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោននឹងមិនអាចដកថយជាដាច់ខាតពីកោះតៃវ៉ាន់។ តៃវ៉ាន់ត្រូវបានគេចាត់ទុកថាជាបេះដូងនៃតំបន់យុទ្ធសាស្ត្រ «First Island Chain»

«First Island Chain» នេះជាតំបន់យុទ្ធសាស្ត្រមួយតភ្ជាប់ពីទីប្រជុំកោះរបស់ជប៉ុន រត់កាត់តាមកោះតៃវ៉ាន់, ហ្វីលីពីន, កោះប័រណេអូ (Borneo) ដែលតំបន់ទាំងនេះនៅព័ទ្ធជុំវិញ ឆ្នេរសមុទ្រចិន។ ទាំងចិន និងអាមេរិកសុទ្ធតែត្រូវការតំបន់មួយនេះជាចាំបាច់ ដោយចិនត្រូវការវាដើម្បីពង្រីកឥទ្ធិពល នៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគលិចជាផ្លូវឆ្ពោះទៅរកតំណែងជា កំពូលមហាអំណាចក្នុងតំបន់អាស៊ី និងបញ្ចៀសការឡោមព័ទ្ធដោយអាមេរិក។ ចំណែកឯ អាមេរិកវិញត្រូវការតំបន់ «First Island Chain» ដើម្បីឡោមព័ទ្ធ, ខ្ទប់ការកើនឡើង ឥទ្ធិពលចិន និងរក្សាអំណាចរបស់ខ្លួនក្នុងតំបន់អាស៊ី។

មែនទែនទៅ សង្រ្គាមរវាងចិន និងអាមេរិកនៅក្នុងសមរភូមិកោះតៃវ៉ាន់នឹងផ្ទុះឡើងនៅពេលណា ប្រហែលជាគ្មានរណាម្នាក់ដឹងមុនឡើយ លើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះនោះគឺ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលអាចឆ្លើយនឹងសំណួរនេះបាន។ បើក្រុមអ្នកវិភាគ ចិនអាចនឹងបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ដោយសន្តិវិធី ឬដោយកម្លាំងបាយ នៅក្រោម អាណត្តិដឹកនាំរបស់លោក ស៊ី ជិនពីង ឬនៅអំឡុងទសវត្សរនេះពោលគឺមុនឆ្នាំ២០៣០ ដូចគ្នាទៅនឹងការព្រមានរបស់រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ដែលថាចិននឹងមានលទ្ធភាពពេញ លេញវាយយកតៃវ៉ាន់នៅឆ្នាំ២០២៥។ ដូច្នេះ ប្រសិនបើសង្គ្រាមផ្ទុះឡើងមែន វាអាចនឹងដើរតាម «សេណារីយ៉ូ» ទាំង៦នេះ ហើយក្នុងនោះសេណារីយ៉ូទី១ និងទី២ ត្រូវបានគេ មើលឃើញមានលទ្ធភាពអាចកើតឡើង ដ្បិតចិននឹងប្រើវាជាការធ្វើតេស្ដមើលថា «តើអាមេរិកនឹងបញ្ចេញប្រតិកម្មបែបណា ឬចូលជួយតៃវ៉ាន់ដែរឬទេ ៖

*សេណារីយ៉ូទី១ (ការបិទផ្លូវចេញចូលកោះ Matsu)

នៅក្នុងសេណារីយ៉ូទី១នេះ លោក ស៊ី ជិនពីង និងមេបញ្ជាការកំពូលៗរបស់លោកនឹងសម្រេចបិទផ្លូវចេញចូលដែនកោះ Matsu របស់កោះតៃវ៉ាន់ជាការដាក់សម្ពាធឱ្យទីក្រុងតៃប៉ិ ត្រឡប់មករកតុចរចាបង្រួមបង្រួមជាតិជាមួយចិនដោយសន្តិវិធី និងការធ្វើតេស្ដមួយលើការប្ដេជ្ញាចិត្ត និងប្រតិកម្មរបស់អាមេរិក។ កោះ Matsu មានប្រជាជនរស់នៅប្រមាណ ១៣,៥០០នាក់ និងស្ថិតនៅចម្ងាយត្រឹមតែជាង ៩គីឡូម៉ែត្រពីមាត់សមុទ្រនៃខេត្ត Fujian របស់ចិន គិតលើចំណុចជិតបំផុត។ ចិនបានចាត់ទុកថាកោះមួយនេះជាផ្នែកមួយតំបន់ Lianjiang។

ជាផែនការសកម្មភាព, កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិននឹងបញ្ជាឱ្យនាវាចម្បាំង និងនាវាមុជទឹករបស់ខ្លួនឡោមព័ទ្ធកោះ Matsu ហើយបញ្ជាឱ្យយន្ដហោះចម្បាំងហោះ ល្បាតពីលើច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងព្រមានថាយន្ដហោះចម្បាំង, យន្ដហោះស៊ើបការណ៍ ឬនាវាចម្បាំងរបស់តៃវ៉ាន់ដែលហ៊ានឆ្លងកាត់ខ្សែមេដ្យាននៃច្រកសមុទ្រតៃវ៉ាន់នឹងត្រូវ បានវាយប្រហារ។ ទីក្រុងប៉េកាំង ក៏នឹងប្រកាសផងដែរថាគ្មានយន្ដហោះយោធា ឬស៊ីវិលអាចហោះទៅកាន់កោះតៃវ៉ាន់ដោយគ្មានការអនុញ្ញាតពីចិនបាននោះទេ រីឯនាវាពាណិជ្ជកម្ម និងដឹកអ្នកដំណើរនានាមិនអាចចូលទៅកាន់កំពង់ផែតៃវ៉ាន់បាននោះដែរ ហើយនាវាទំាំងឡាយណាដែលបំពានវិធានការបិទផ្លូវចេញចូលនេះនឹងត្រូវបានរឹបអូស។

ការធ្វើបែបនេះរបស់ចិននឹងនាំទៅរកវិបត្តិច្រកសមុទ្រតៃវ៉ាន់ជាលើកទី៤ និងធ្ងន់ធ្ងរបំផុតចាប់តាំងពីឆ្នាំ១៩៤៩មក។ ជាការឆ្លើយតប, មេបញ្ជាការកងទ័ពតៃវ៉ាន់អាចនឹងបញ្ជូននាវា ចម្បាំង និងយន្ដហោះចម្បាំងទៅបើកការវាយប្រហារកងទ័ពចិនដែលកំពុងអនុវត្តការបិទផ្លូវចេញចូលកោះ Matsu។ ប៉ុន្តែ មិនទាន់ទៅដល់កោះ Matsu ផង កងទ័ពជំនួយតៃវ៉ាន់ នឹងត្រូវបានកងទ័ពចិនប្រើប្រាស់មីស៊ីល, យន្ដហោះចម្បាំង និងនាវាចម្បាំងកម្ទេចជាមុនបាត់ទៅហើយ។ ទីក្រុងតៃប៉ិ នឹងស្នើសុំជំនួយទាំងយោធា និងការទូតជាបន្ទាន់ពីអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រីឯទីក្រុងប៉េកាំងនឹងអំពាវនាវឱ្យរដ្ឋាភិបាលតៃវ៉ាន់ត្រឡប់មករកតុចរចា «បង្រួបបង្រួមជាតិដោយសន្តិវិធី»

ជាលទ្ធផល កោះតៃវ៉ាន់នឹងច្រានចោលការទាមទាររបស់ទីក្រុងប៉េកាំង ហើយសម្រេចចិត្តធ្វើសង្រ្គាមប្រឆាំងនឹងការបិទផ្លូវចេញចូលរបស់ចិនតែម្ដង។ តែកោះ Matsu នឹងធ្លាក់ចូល ទៅក្រោមការគ្រប់គ្រងរបស់ចិនទាំងស្រុង ចំណែកឯសហរដ្ឋអាមេរិកនឹងរួមដៃជាមួយសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងទីក្រុងប៉េកាំង។

*សេណារីយ៉ូទី២ (ការវាយយកកោះ Kinmen)

ក្រោយការបិទច្រកចេញចូលកោះ Matsu មិនអាចបង្ខំតៃវ៉ាន់ត្រឡប់មករកតុចរចាបង្រួបបង្រួមជាតិ, ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងមេបញ្ជាការកំពូលរបស់លោកនឹង សម្រេចចិត្តថាទីក្រុងប៉េកាំងត្រូវតែវាយយកកោះ Kinmen របស់តៃវ៉ាន់។ កោះតៃវ៉ាន់ Kinmen ស្ថិតនៅចម្ងាយត្រឹមតែ ៦គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងកំពុងផែចិន Xiamen និងមាន ប្រជាជនរស់នៅប្រមាណ ១៤០,០០០នាក់។ ដោយមិនព្រមានជាមុន, កងទ័ពចិននឹងបើកការវាយប្រហារដោយកាំភ្លើងធំ និងបាញ់មីស៊ីលកម្ទេចមូលដ្ឋានទ័ពតៃវ៉ាន់នៅលើកោះ Kinmen រួមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយដើម្បីពន្លឿនការវាយប្រហារនេះ, យន្ដហោះចម្បាំង និងទម្លាក់គ្រាប់បែកចិន នឹងបើកការវាយប្រហារបន្ថែមលើកងទ័ពតៃវ៉ាន់ បើកផ្លូវចូលកាន់កាប់ទីតាំងសំខាន់ដូចជាអាកាសយានដ្ឋាននៅលើកោះ Kinmen។ នៅម្ខាងទៀត នាវាចម្បាំង និងនាវាមុជទឹកចិននឹងត្រូវដាក់ពង្រាយដើម្បីរារាំងការវាយប្រហារនិងកងទ័ពជំនួយតៃវ៉ាន់។

នៅក្នុងសេណារីយ៉ូនេះ, មេបញ្ជាការកងទ័ពតៃវ៉ាន់់ នឹងបញ្ជាឱ្យកងទ័ពរបស់ខ្លួនវាយប្រហារដោយគ្រាប់មីស៊ីលប្រឆាំងនឹងកំពង់ផែជាច្រើននៅតាមតំបន់ឆ្នេររបស់ចិន និងនាវា ចម្បាំងចិន ដែលស្ថិតនៅក្បែរកោះតៃវ៉ាន់ ហើយប្រព័ន្ធមីស៊ីលតៃវ៉ាន់ក៏នឹងបាញ់មីស៊ីលលើយន្ដហោះចម្បាំងចិន នៅលើដែនអាកាសនៃច្រកសមុទ្រតៃវ៉ាន់ផងដែរ។ ជាលទ្ធផល ចិន នឹងវាយកម្ចេចបានទាំងស្រុងនូវប្រព័ន្ធការពារកោះ Kinmen មុននឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនធ្វើសកម្មភាព។ ខណៈអាមេរិក និងជប៉ុនបញ្ជូនកងទ័ពទៅកាន់ច្រក សមុទ្រតៃវ៉ាន់, ទីក្រុងប៉េកាំងនឹងព្រមានកុំបរទេសខាងក្រៅលូកដៃ ព្រមទាំងអំពាវនាវឱ្យមានបទឈប់បាញ់មួយជាបន្ទាន់ដើម្បីឱ្យយោធា និងជនស៊ីវិលដែលរងរបួស ឬស្លាប់ ត្រូវបានជម្លៀសទៅកាន់មន្ទីរពេទ្យចិន។ បន្ថែមពីលើនេះ ចិនក៏ស្នើជាថ្មីផងដែរឱ្យតៃវ៉ាន់យល់ព្រមចូលរួម ក្នុងកិច្ចចរចាបង្រួបបង្រួមជាតិជាមួយចិន នៅក្រោមគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធដឹកនាំ ២»។ តែសំណើនេះនឹងត្រូវតៃវ៉ាន់ច្រានចោល។

ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្រៃ្តយ៍អង្គការសហប្រជាជាតិ, ចិននឹងប្រើប្រាស់សិទ្ធិវេតូជំទាស់នឹងការថ្កោលទោស ឬទណ្ឌកម្មរបស់ UN ប្រឆាំងនឹងការវាយយកកោះ Kinmen ប៉ុន្តែសហរដ្ឋអាមេរិក នឹងបញ្ជូនកងទ័ព និងនាវាចម្បាំងបន្ថែមទៅកាន់តំបន់អាស៊ី ក៏ដូចជាបង្កើនការផ្គត់ផ្គង់អាវុធឱ្យកោះតៃវ៉ាន់ និងប្រមូលផ្ដុំកម្លាំងអន្តរជាតិដាក់ទណ្ឌកម្ម លើចិន។

*សេណារីយ៉ូទី៣ (ឡោមព័ទ្ធកោះតៃវ៉ាន់)

ជាសារមួយប្រកាសប្រាប់ពិភពលោក, ចិននឹងរំលឹកឡើងវិញថាពិភពលោកបានប្រកាន់ខ្ជាប់ «គោលការណ៍ចិនតែមួយ» ហើយដឹងយ៉ាងច្បាស់ចំពោះការទាមទារអធិបតេយ្យភាព របស់ចិនលើកោះតៃវ៉ាន់។ ក្នុងពេលជាមួយគ្នា, ទីក្រុងប៉េកាំងនឹងជូនដំណឹងដល់សហគមន៍អន្តរជាតិថាខ្លួននឹងប្រើសិទ្ធិឡោមព័ទ្ធតៃវ៉ាន់ទាំងដែនទឹក និងដែនអាកាស ហើយប្រកាស
បង្កើតតំបន់បញ្ជាក់អត្តសញ្ញាណដែនការពារអាកាសថ្មីមួយឡើង Air Defense Identification Zone (ADIZ)។ តាមរយៈការឡោមព័ទ្ធនេះ, ចិននឹងហាមឃាត់រាល់ការដឹកទំនិញ ឬសកម្មភាពចេញចូលដែនទឹកតៃវ៉ាន់ ដែលមិនមានការអនុញ្ញាតពីចិន ដោយពួកគេនឹងជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ និងដឹកជញ្ជូនតាមនាវាទាំងអស់ថាត្រូវតែស្នើសុំ ការអនុញ្ញាតពីចិនជាមុនសិន មុននឹងចង់ចេញ ឬចូលដែនអាកាស ឬក៏កំពង់ផែតៃវ៉ាន់។

ក្រោយមកទៀត, ក្នុងរយៈពេល ២៤ម៉ោង, នាវាចម្បាំងចិននឹងត្រូវដាក់ពង្រាយនៅជុំវិញកោះតៃវ៉ាន់ ដើម្បីពង្រឹងការឡោមព័ទ្ធនេះ ហើយដាក់ឱ្យដំណើរការប្រព័ន្ធមីស៊ីល ត្រៀម បាញ់ទម្លាក់យន្ដហោះដែលហោះមកក្បែរដែនទឹកតៃវ៉ាន់ដោយមិនមានការអនុញ្ញាត។ នៅក្រោមយុទ្ធសាស្ត្រឡោមព័ទ្ធនេះ ចិននឹងស្នើឱ្យអន្តរជាតិកុំលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ ខ្លួន ហើយមុនអាមេរិក និងសម្ព័ន្ធមិត្តធ្វើអន្តរាគមន៍ លោក ស៊ី ជិនពីងនឹងអំពាវនាវឱ្យអាជ្ញាធរតៃវ៉ាន់បញ្ជៀសវិបត្តិសកលលោក ដោយងាកមករកតុចរចាបង្រួបបង្រួមជាតិជាមួយ ចិន។

តែទោះជាបែបនេះក្ដី, តៃវ៉ាន់នឹងនៅតែបដិសេធរាល់សំណើរបស់ចិន ហើយនឹងដាក់ពង្រាយនាវាចម្បាំង និងយន្ដហោះចម្បាំងដើម្បីបំបែកការឡោមព័ទ្ធ។ ខណៈអំពាវនាវជំនួយពី អាមេរិក និងសម្ព័ន្ធមិត្តនានា, តៃវ៉ាន់នឹងប្រើប្រាស់ប្រព័ន្ធខែលមីស៊ីលវាយប្រហារលើនាវាចម្បាំង និងយន្ដហោះចម្បាំងចិននៅក្បែរដែនកោះរបស់ខ្លួន។ ការវាយប្រហារនេះនឹងធ្វើ ឱ្យកងទ័ពចិនរងការខូចខាតមួយចំនួន តែការព្យាយាមរបស់តៃវ៉ាន់ក្នុងការបំបែកការឡោមព័ទ្ធនឹងត្រូវបរាជ័យ។ នៅក្នុងសេណារីយ៉ូទី៣នេះ ជាលទ្ធផល នៅក្រោមការឡោមព័ទ្ធ តៃវ៉ាន់នឹងត្រូវប្រឈមមុខនឹងកង្វះខាតការផ្គត់ផ្គង់សំខាន់ៗ ជាពិសេសគឺថាមពលតែម្ដង ព្រមទាំងត្រូវកាត់ផ្ដាច់ចេញពីពិភពលោក។ ក្នុងបរិបទដែលអាមេរិក និងសម្ព័ន្ធមិត្តកំពុង ពិចារណាថាតើត្រូវធ្វើការឆ្លើយតបបែបណា, ចិននឹងអនុញ្ញាតឱ្យមានការផ្គត់ផ្គង់សំខាន់ៗចូលទៅកាន់កោះតៃវ៉ាន់ ក្រោមលក្ខខណ្ឌឱ្យទីក្រុងតៃប៉ិ យល់ព្រមទទួលយកកិច្ចចរចា បង្រួបបង្រួមជាតិ។

*សេណារីយ៉ូទី៤ (ការឡោមព័ទ្ធទាំងស្រុង)

ក្រោមការព្រមានរបស់ទីក្រុងវ៉ាស៊ីនតោនឱ្យលុបចោលការឡោមព័ទ្ធកោះតៃវ៉ាន់, បើពុំដូច្នោះទេអាមេរិកនឹងធ្វើអន្តរាគមន៍យោធា ចិននឹងសម្រេចចិត្តឡោមព័ទ្ធទាំងស្រុងសំដៅ បង្កើនការដាក់សម្ពាធឱ្យតៃវ៉ាន់ទទួលយកកិច្ចចរចា។ ចិននឹងហាមឃាត់រាល់ការដឹកជញ្ជូន និងសកម្មភាពចេញ-ចូលទាំងអស់នៅជុំវិញដែនទឹកកោះតៃវ៉ាន់ ដោយបញ្ជាឱ្យកប៉ាល់ ដឹកប្រេងមកពីតំបន់មជ្ឈិមបូព៌ាទាំងអស់ឆ្ពោះទៅកាន់កោះតៃវ៉ាន់ ត្រូវបង្វែរទិសដៅទៅកាន់កំពង់ផែចិន។ ចំណែកឯ យន្ដហោះដឹកអ្នកដំណើរ និងដឹកទំនិញទាំងអស់នឹងត្រូវបាន ព្រមានថាពួកគេនឹងរងការវាយប្រហារ ប្រសិនបើហោះចូលក្នុងដែន ADIZ ដែលចិនដាក់ឱ្យអនុវត្តលើកោះតៃវ៉ាន់។ បន្ទាប់មកទៀត, ចិននឹងប្រាប់ឱ្យនាវាចម្បាំងតៃវ៉ាន់ចុះចាញ់បើហ៊ានជំទាស់នឹងត្រូវបានបាញ់ពន្លិច។ នាវាចម្បាំង និងនាវាមុជទឹកចិននឹងដាក់ពង្រាយគ្រាប់បែកនៅតាមតំបន់កំពង់ផែធំៗរបស់តៃវ៉ាន់ រីឯទិន្នន័យខ្សែកាបទំនាក់ទំនងរបស់ តៃវ៉ាន់ជាមួយពិភពលោកនឹងត្រូវកាត់ផ្ដាច់។

នៅក្នុងសេណារីយ៉ូទី៤នេះ, នាវាចម្បាំង និងយន្ដហោះចម្បាំងរបស់ចិននឹងត្រូវបានដាក់ពង្រាយពង្រឹងកន្លែងឈរជើងរារាំងកុំឱ្យកងទ័ពអាមេរិក និងជប៉ុនចូលមកក្បែរកោះតៃវ៉ាន់ ហើយឆ្លៀតឱកាសនៅពេលតៃវ៉ាន់ត្រូវកាត់ផ្ដាច់ពីពិភពលោកទាំងស្រុង ទីក្រុងប៉េកាំងនឹងស្នើឱ្យទីក្រុងតៃប៉ិ ទទួលយកកិច្ចចរចាបង្រួបបង្រួមជាតិ។ តែដោយមានការសន្យាពី អាមេរិក និងសម្ព័ន្ធមិត្ត, តៃវ៉ាន់នឹងប្រើប្រាស់ប្រព័ន្ធមីស៊ីលវាយប្រហារលើកងទ័ពចិន ដើម្បីពន្យារពេលឱ្យអាមេរិក និងជប៉ុនបញ្ជូននាវាចម្បាំង និងនាវាមុជទឹកមកកាន់តំបន់ជុំវិញ កោះតៃវ៉ាន់បំបែកការឡោមព័ទ្ធ។ នៅក្នុងប្រតិបត្តិការនេះ យន្ដហោះទម្លាក់គ្រាប់បែកនឹងត្រូវបញ្ជូនបន្ថែមមកកាន់កោះហ្គាំ និងអូស្ត្រាលី ហើយនៅពេលមកដល់ក្បែរដែនទឹកតៃវ៉ាន់ នាវាមុជទឹកអាមេរិក និងជប៉ុននឹងចាប់ផ្ដើមបើកការវាយប្រហារលើកងទ័ពចិន ដែលកំពុងឡោមព័ទ្ធតៃវ៉ាន់ ដោយនៅក្នុងការប្រយុទ្ធនេះអាមេរិកនឹងបង្កការខាតបង់ធ្ងន់ធ្ងរដល់ កងទ័ពចិន។

ប៉ុន្តែ ចិននឹងប្រើប្រាស់ប្រព័ន្ធមីស៊ីល រួមមានមីស៊ីលប្រឆាំងនាវាចម្បាំង ដើម្បីរារាំងមិនឱ្យអាមេរិក និងសម្ព័ន្ធមិត្តបំបែកការឡោមព័ទ្ធ ហើយឆ្លៀតពេលវាយប្រហារលើមូលដ្ឋានទ័ព អាមេរិកនៅក្នុងប្រទេសជប៉ុន ដើម្បីបង្កការរំខានដល់សកម្មភាពយោធារបស់អាមេរិក។ ការវាយប្រយុទ្ធគ្នានេះនឹងធ្វើភាគីទាំងសងខាងបាត់បង់នាវាចម្បាំង និងជីវិតកងទ័ព យ៉ាងច្រើន។ ដោយការឡោមព័ទ្ធតៃវ៉ាន់នៅតែបន្តធ្វើឡើង, ទីក្រុងប៉េកាំងនឹងអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់មួយ និងផ្ដល់ជំនួយបន្ទាន់ទៅកាន់កោះតៃវ៉ាន់ ហើយអញ្ជើញឱ្យ អាមេរិកចូលរួមចរចាជាមួយដើម្បីបញ្ចៀស «សង្រ្គាមទាំងស្រុង»។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងមិនបើកការវាយប្រហារលើទឹកដីចិនឡើយ ដើម្បីបញ្ចៀសសង្រ្គាមនុយក្លេអ៊ែរ ពោលគឺសង្រ្គាមនេះធ្វើឡើងតែនៅម្ដុំកោះតៃវ៉ាន់ប៉ុណ្ណោះ ដោយពួកគេនឹងប្រើប្រាស់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច រួមទាំងការបិទខ្ទប់គ្រប់បែបយ៉ាងបង្ខំឱ្យចិនដកថយ និងលុបចោល ឡោមព័ទ្ធតៃវ៉ាន់។

*សេណារីយ៉ូទី៥ (យុទ្ធនាការផ្លូវអាកាស និងមីស៊ីល)

ប្រឈមមុខនឹងការប្រយុទ្ធជាមួយអាមេរិក, លោក ស៊ី ជិនពីង និងមេបញ្ជាការរបស់លោកនឹងសម្រេចថាចិននឹងមានឱកាសតិចតួចបំផុតក្នុងការបង្រួបបង្រួមតៃវ៉ាន់។ ដូច្នេះបើចេះ តែអូសបន្លាយពេល នោះបរាជ័យក្នុងការបង្រួបបង្រួមតៃវ៉ាន់ នឹងបង្កឱ្យមានចលាចលនៅក្នុងគណបក្សកម្មុយនិស្ដចិន។ ក្នុងសេណារីយ៉ូនេះ កងទ័ពចិននឹងបើកការវាយប្រហារតាម ផ្លូវអាកាស និងមីស៊ីលលើមូលដ្ឋានយោធា និងស៊ីវិលសំខាន់របស់តៃវ៉ាន់ដូចជា, អាកាសយានដ្ឋាន, កំពង់ផែ, ប្រព័ន្ធរ៉ាដា, ប្រព័ន្ធទំនាក់ទំនង, ទីបញ្ជាការ និងទីស្នាក់ការយោធា, ប្រព័ន្ធខែលមីស៊ីល, មូលដ្ឋានទ័ពជើងទឹក, អគាររដ្ឋាភិបាល, ស្ថានីយ៍ទូរស្សន៍ និងប្រព័ន្ធដឹកជញ្ជូនសំខាន់ៗ។ មិនតែប៉ុណ្ណោះ, ចិនក៏នឹងដាក់ពង្រាយមីស៊ីល, កងទ័ពជើងទឹក និងកងទ័ពជើងអាកាសបន្ថែម ដើម្បីរារាំងកុំឱ្យអាមេរិក និងសម្ព័ន្ធមិត្តចូលជួយតៃវ៉ាន់ផងដែរ។

នៅក្រោមការវាយប្រហារតាមផ្លូវអាកាស និងមីស៊ីលយ៉ាងសន្ធាប់នៅទូទាំងកោះតៃវ៉ាន់, ថ្នាក់ដឹកនាំនយោបាយ និងយោធាតៃវ៉ាន់នឹងភៀសខ្លួនទៅកាន់ទីបញ្ជាការក្រោមដី ហើយ ដាក់ពង្រាយកម្លាំងបន្ថែម រួមទាំងកងទ័ពបម្រុងទៅកាន់សមរភូមិការពារនានាត្រៀមធ្វើសង្រ្គាមទ្រង់ទ្រាយធំ ដោយពួកគេនឹងប្រើប្រាស់ប្រព័ន្ធមីស៊ីលវាយប្រហារលើមូលដ្ឋានទ័ព អាកាសចិន, ប្រព័ន្ធរ៉ាដា និងគោលដៅសំខាន់ៗ។ នៅក្នុងសមរភូមិប្រយុទ្ធនេះ, ដោយកងទ័ពតៃវ៉ាន់នឹងរងការខាតបង់យ៉ាងសម្បើម រីឯហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបំផ្លាញចិននឹងអំពាវនាវឱ្យមានបទឈប់បាញ មុននឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចូលមកជួយតៃវ៉ាន់ ហើយស្នើឱ្យទីក្រុងតៃប៉ិទទួលយកកិច្ចចរចាបង្រួបបង្រួមជាតិ។ តែទោះរងការ បំផ្លាញធ្ងន់ធ្ងរក៏តៃវ៉ាន់នឹងនៅតែបដិសេធសំណើរបស់ចិន។

*សេណារីយ៉ូទី៦ (ការឈ្លានពានទាំងស្រុង)

នៅក្នុងសេណារីយ៉ូចុងក្រោយនេះ, លោក ស៊ី ជិនពីង និងមេបញ្ជាការកំពូលៗរបស់លោកនឹងសម្រេចថាពួកគេមិនមានពេលវេលាច្រើនទៀតនោះទេ ដែលនេះតម្រូវឱ្យពួកគេ ត្រូវតែបើកការវាយលុកទ្រង់ទ្រាយធំទាំងតាមផ្លូវអាកាស, មីស៊ីល និងការវាយប្រហារព័ត៌មានវិទ្យាប្រឆាំងនឹងទីតាំងយោធា និងស៊ីវិលសំខាន់ៗទាំងអស់នៅទូទាំងកោះតៃវ៉ាន់ តែម្ដង។ ក្នុងពេលជាមួយគ្នា កងទ័ពចិនក៏នឹងបើកការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសជប៉ុន និងកោះហ្កាំផងដែរ ដោយប្រើប្រព័ន្ធមីស៊ីលរបស់ខ្លួនដើម្បីពន្យារ ពេលកុំឱ្យអាមេរិកចូលជួយតៃវ៉ាន់ មុននឹងចិនយកបានតៃវ៉ាន់ទាំងស្រុង។

តៃវ៉ាន់ស្ថិតនៅចម្ងាយត្រឹមតែ ១៣០គីឡូម៉ែត្រប៉ុណ្ណោះពីចិន គិតលើចំណុចជិតបំផុត។ ដូច្នេះបើចិនប្រើមីស៊ីលបាញ់ស្រោចលើតៃវ៉ាន់ ដោយមិនគិតពីអ្វីទាំងអស់ នោះតៃវ៉ាន់នឹង ធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់ចិនទាំងស្រុង មុននឹងអាមេរិកចូលជួយ។ នៅកំឡុងការវាយប្រហារដោយមីស៊ីលនេះ ចិននឹងបញ្ជូនកងទ័ពថ្មើរជើងចូលទៅកាន់កោះតៃវ៉ាន់ដើម្បី ចាប់ខ្លួនថ្នាក់ដឹកនាំតៃវ៉ាន់។ ជាការឆ្លើយតប អាមេរិកនឹងរួមដៃជាមួយជប៉ុន និងអូស្ត្រាលី រួមទាំងសម្ព័ន្ធមិត្តដទៃទៀតបើកការវាយប្រហារលើកងទ័ពចិន ដោយនាវាមុជទឹកអាមេរិក នឹងធ្វើដំណើរទម្លុះចូលតំបន់ច្រកសមុទ្រតៃវ៉ាន់ សំដៅរារាំងការបញ្ជូនកងទ័ពថ្មើរជើងរបស់ចិន និងនាវាចម្បាំងចូលកោះតៃវ៉ាន់។

មិនតែប៉ុណ្ណោះ នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក បន្ថែមក៏នឹងត្រូវបញ្ជូនមកកាន់តំបន់អាស៊ី ស្របពេលយន្ដហោះទម្លាក់គ្រាប់បែក និងយន្ដហោះចម្បាំងអាមេរិកវាយប្រហារលើ នាវាចម្បាំង និងយន្ដហោះចម្បាំងចិន។ នៅក្នុងសេណារីយ៉ូទី៦នេះ, ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ, សង្រ្គាមធំមួយនឹងផ្ទុះឡើងនៅក្នុងតំបន់អាស៊ីខាងកើត៕

ប្រភព៖ Reuters (ថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១)