(ម៉ាឌ្រីដ)៖ ភ្នំភ្លើងនៅកោះ ឡា ប៉ាល់ម៉ា (La Palma) របស់ប្រទេសអេស៉្បាញ បានបន្តហូរកម្អែលភ្លើងចេញមក ៥០ថ្ងៃហើយ និងមិនទាន់ឃើញមានសញ្ញាថា នឹងអាចឈប់នៅពេលណានោះឡើយ។ ដូច្នេះហើយអ្នកនយោបាយអេស៉្បាញម្នាក់ បានផ្តល់គំនិតមួយ ដើម្បីធ្វើជាមធ្យោបាយបញ្ឈប់ លំហូរកម្អែរភ្នំភ្លើងនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Space នាល្ងាចថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ភ្នំភ្លើងខាងលើឈ្មោះ ឡា ឃ្យូប្រេ វីអេហា (La Cumbre Vieja) ស្ថិតនៅប្រជុំកោះ ខាណារី (Canary) របស់អេស៉្បាញ ក្បែរឆ្នេរភាគពាយ័ព្យនៃទ្វីបអាហ្រ្វិក។ ភ្នំភ្លើងនេះបានចាប់ផ្តើមផ្ទុះឡើងដំបូង កាលពីថ្ងៃទី១៩ ខែកញ្ញា កន្លងទៅ។ មកទល់ពេលនេះ វាបានបង្ខំឲ្យមនុស្សប្រមាណ ៧,០០០នាក់ ត្រូវភៀសខ្លួនចេញពីលំនៅឋាន។ សំណង់អគារជាង ២,៥០០ខ្នង និងផ្ទៃដីជិត ១០គីឡូម៉ែត្រក្រឡា បានរងការបំផ្លិចបំផ្លាញដោយសារតែកម្អែរភ្នំភ្លើងនេះ។

ដោយមើលឃើញបញ្ហាខាងលើ, លោក ខាស៊ីមើរ៉ូ ឃ្យួរប៊ែឡូ (Casimiro Curbelo) មន្រ្តីនៅកោះ ឡា ហ្គោមើរ៉ា (La Gomera) ជាកោះក្បែរខាងរបស់កោះ La Palma បានផ្តល់យោបល់ថា ការហូរកម្អែលភ្នំភ្លើង La Cumbre Vieja អាចបញ្ឈប់ ឬបង្វែរទិសដៅបាន តាមរយៈការទម្លាក់គ្រាប់បែកទៅលើពួកវា។ ខណៈការលើកឡើងរបស់លោក Curbelo បានទទួលរងការរិះគន់មួយចំនួនក៏ដោយ តាមពិតវាមិនមែនជា រឿងដែលពុំធ្លាប់កើតមាននោះទេ។

កាលពីឆ្នាំ១៩៣៥ នៅពេលដែលកម្អែរភ្នំភ្លើង មូណា ឡូអា (Mauna Loa) នៅកោះហាវ៉ៃរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមហូរកាន់តែជិតដល់ក្រុង ហ៊ីឡូ (Hilo) កងទ័ពអាមេរិកបានទម្លាក់គ្រាប់បែក ២០គ្រាប់ ទៅលើទន្លេកម្អែលភ្លើង។ ក្រោយការទម្លាក់គ្រាប់បែក កម្អែលភ្លើងក៏លែងហូរតទៅទៀតមែន ប៉ុន្តែភាពជោគជ័យនៃបេសកកម្ម គឺមិនច្បាស់ឡើយ ដោយសារទាំងក្រុមអ្នកបើកយន្តហោះ និងអ្នកជំនាញបានជឿថា មុនពេលនោះ លំហូរកម្អែលភ្លើងបានបង្អង់ល្បឿនរួចស្រេចទៅហើយ ខណៈការឈប់ហូរក្រោយពេលទម្លាក់គ្រាប់បែក គឺអាចជារឿងចៃដន្យប៉ុណ្ណោះ។

ដោយឡែក កាលពីឆ្នាំ១៩៨៣ បេសកកម្មជោគជ័យជាងនេះ ត្រូវសម្រេចបាន តាមរយៈការប្រើប្រាស់គ្រឿងផ្ទុះ ដើម្បីបង្វែរទិសដៅកម្អែរហូរពីភ្នំភ្លើង Etna នៅប្រទេសអ៉ីតាលី កុំឲ្យឆ្ពោះទៅភូមិមួយកន្លែង។ ក្រុមវិស្វករបានបំផ្ទុះគ្រឿងផ្ទុះទម្ងន់សរុបជាង ៤០០គីឡូក្រាម ហើយធ្វើឲ្យលំហូរកម្អែរភ្លើង ប្តូរទិសដៅដោយជោគជ័យ។

គួរបញ្ជាក់ថា យោធាអេស៉្បាញ និងនាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez មិនទាន់ឆ្លើយតបយ៉ាងណានោះទេ ចំពោះយោបល់របស់ លោក Curbelo។ បន្ទុះភ្នំភ្លើង La Cumbre Vieja ពុំបានបង្កឲ្យមានមនុស្សស្លាប់ឡើយ ហើយការរស់នៅរបស់ប្រជាជនប្រហែល ៨៥,០០០នាក់ ទៀតនៅកោះ La Palma ក៏ហាក់មិនមានការរំខានអ្វីដែរ ព្រោះពួកគេស្ថិតនៅឆ្ងាយពីតំបន់ភាគខាងលិច ដែលរងការប៉ះពាល់ធ្ងន់ធ្ងរ៕